(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ មេភូមិ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានចុះចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដល់ខ្នងផ្ទះនីមួយៗ ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍អន្លង់គងថ្មី ដែលនៅសេសសល់មិនទាន់បានទទួល នាពេលចែកប័ណ្ណកន្លងមក។
ការចែកប័ណ្ណកម្មសិទ្ធិនេះ បង្ហាញអំពីការយកចិត្តទុកដាក់ចំពោះតម្រូវការចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការប័ណ្ណកម្មសិទ្ធិ ដើម្បីមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ កាន់កាប់ ចាត់ចែង និងអាស្រ័យផលលើដីធ្លីរបស់ខ្លួន ឲ្យបានស្របច្បាប់។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់ម្ចាស់ក្បាលដីឲ្យថែរក្សា ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ម្ចាស់អចលនវត្ថុ ឲ្យបានល្អប្រសើរ ជាវាងការធ្វេសប្រហែស ក្នុងការទុកដាក់ ដែលអាចបង្កឲ្យមានការខូចខាត ឬបាត់បង់ ហើយប្រសិនបើមានការបាត់បង់ សូមទំនាក់ទំនងជាបន្ទាន់ ទៅកាន់ការិយាល័យភូមិបាលខណ្ឌ ដើម្បីបំពេញបែបបទស្នើសុំឡើងវិញ។
គួរបញ្ជាក់ថា ក្បាលដីរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អន្លង់គងថ្មី មានចំនួន ៣៥៦ក្បាលដី ហើយកន្លងមកម្ចាស់ក្បាលដីបានទៅដកយកប័ណ្ណកម្មសិទ្ធិ នៅមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានចំនួន ៥២ក្បាលដីរួចហើយ។ ចំពោះក្បាលដី ៣០៤ក្បាលដី ដែលនៅសេសសល់នេះ លោកអភិបាល រួមនឹងមន្ត្រីជំនាញភូមិបាល និងអាជ្ញាធរសង្កាត់ភូមិ បានចុះចែកដោយផ្ទាល់ ដល់ម្ចាស់ក្បាលដីដល់ខ្នងផ្ទះតែម្តង៕