(កាប៊ុល)៖ យ៉ាងហោចណាស់មានមនុស្សប្រមាណជាង ២០០នាក់ បានស្លាប់ និងរបួស បន្ទាប់ពីមានករណីវាយប្រហារដោយគ្រាប់បែកនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ហើយការវាយប្រហារនេះ ត្រូវបានគេចាត់ទុកថា ជាការវាយប្រហារទ្រង់ទ្រាធំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច នារសៀលថ្ងៃទី១៩ ខែមេសា។
យោងតាមសំដីរបស់អ្នកនាំពាក្យទីភ្នាក់ងារសន្ដិសុខជាតិ បានឲ្យដឹងថា នៅពេលនេះនៅមិនទាន់មានរបាយការណ៍ច្បាស់លាស់ពីចំនួនអ្នកស្លាប់ទេ ប៉ុន្តែរបាយការណ៍បឋមបានឲ្យដឹងថា មានអ្នកស្លាប់ប្រមាណជា ២ទៅ៣នាក់ ចំណែកអ្នករបួសមានរហូតដល់ជាង ២០០នាក់។
ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅក្បែរស្ថានទូតអាមេរិក និងទីតាំងក្រសួងមួយចំនួន ជាពិសេសគឺជិតទីតាំងស្នាក់ការទីភ្នាក់ងារសន្តិសុខជាតិរបស់អាហ្វហ្គានីស្ថាន តែម្ដង។ សាក្សីមួយចំនួនបានរាយការណ៍ថាការផ្ទុះនេះ ជាការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរអាហ្វហ្គានីស្ថាន នៅមិនទាន់បញ្ជាក់ជាផ្លូវនោះទេ៕