(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី បានបង្ហើបពីកម្មវិធីពិព័រណ៍ម្ហូបអាហារជនបទ ដែលគ្រោងរៀបចំនៅភូមិព្រះដាក់ នៅចុងឆ្នាំនេះ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហើបពីកម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ» ដែលគ្រោងនឹងធ្វើឡើងនៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ ក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។

លោក ហ្វីណង់ បញ្ជាក់ថា៖« ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូលបន្ថែមសម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ចរបស់ស្រុកពីវិស័យទេសចរណ៍ឱ្យចាប់ផ្តើមមានដំណើរការឡើងវិញ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ ដើម្បីរៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយអ្នកភូមិផ្ទាល់ នៅលើទីតាំងដែលត្រូវបានរំពឹងទុកថាមានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ»។

ពិព័រណ៍ម្ហូបអាហារនេះ ក៏ដើម្បីអបអរសាទរដល់អ្នកភូមិព្រះដាក់ ដែលទើបតែទទួលបានជ័យលាភីមេត្រីភាពបរិស្ថានសម្រាប់ឆ្នាំ២០២១ និងផ្សព្វផ្សាយគម្រោងប្រលងប្រណាំងផ្ទះស្អាតប្រចាំភូមិនៅក្នុងឆ្នាំ២០២២នេះ។

កម្មវិធីពិព័រណ៍ម្ហូបអាហារជនបទនេះ គ្រោងរៀបចំរយៈពេល៣ថ្ងៃ ពីថ្ងៃទី៣០-៣១ ធ្នូ និង១ មករា ដោយមានស្តង់ម្ហូបអាហារជាច្រើន កន្លែងអង្គុយហូប ឆាកតន្ត្រីរាំវង់ស្គរដៃ និងកន្លែងចតយាយន្តគ្រប់គ្រាន់ តែនឹងត្រូវបានធ្វើឡើងដោយគោរពតាមវិធានសុវត្ថិភាពសុខាភិបាលយ៉ាងម៉ត់ចត់បំផុត។

តាមការបញ្ជាក់ពីលោកអភិបាលស្រុក រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការរៀបចំជាមួយសហគមន៍នៅក្នុងភូមិសសី រៀបចំព្រឹត្តិការណ៍បុណ្យខ្លែង នៅក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុននេះ។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកទេសចរ បានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាផ្តល់ឱកាសឱ្យមានការកម្សាន្តសប្បាយតាមរយៈការបង្ហើរខ្លែងតូចៗជាលក្ខណៈគ្រួសារនៅលើទីតាំងធំល្វឹងល្វើយដ៏ស្រស់ស្អាតនៃភូមិសសី និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៃទេសភាពដ៏ស្រស់ត្រកាលនាជើងភ្នំគូលែន៕