(ខេត្តព្រៃវែង)៖ សពស្រីក្រមុំដែលជាកូនរបស់អ្នកស្រុកព្រះស្ដេច ខេត្តព្រៃវែងម្នាក់ត្រូវបានឪពុកម្ដាយ សាច់ញាតិនាំគ្នាគាស់ផ្នូរអោយព្រះសង្ឃ ធ្វើពិធីសូត្រមន្តប្រោះព្រំ ដោយសង្ឃឹមថាកូនស្រីខ្លួន នឹងរស់ឡើងវិញ បន្ទាប់ពីស្លាប់ និងបញ្ចុះសពនៅក្បែរផ្ទះបាន២យប់រួចមក តែអ្វីៗវាមិនដូចការគិត និងភាពអាឡោះអាល័យរបស់ឪពុកម្ដាយ និងសាច់ញាតិនោះទេ គឺក្រោយគាស់ឡើងសពមានសភាពហើម និងធុំក្លិនស្អុយទៅហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះនៅផ្ទះស្ត្រីឈ្មោះជួន ហ៊ាន អាយុ៣៧ឆ្នាំ ដែលស្ថិតក្នុងភូមិចំការតាម៉ូយ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
តាមការរៀបរាប់របស់អ្នកស្រុករាប់រយនាក់ដែលនាំគ្នាផ្អើល ទៅចោមរោមមើលយ៉ាងកកកុញនោះបាននិយាយដូចៗគ្នាថា ពួកគាត់មករង់ចាំមើល ព្រោះឮតៗថា ស្ត្រីឈ្មោះ ជួន ហ៊ាន បានគាស់ផ្នូររកូនស្រីរបស់គាត់យកសពមកវិញ ហើយបាននិមន្តព្រះសង្ឃ១អង្គព្រះនាម ភារម្យ គង់នៅវត្តកែវម៉ូលី ក្នុងខេត្តកណ្តាល មកធ្វើពិធីប្រោះព្រំឱ្យសពរស់ឡើងវិញនោះ ទើបអ្នកស្រុកនាំគ្នាភ្លូកទឹកភ្លូកដី ទៅចោមរោមមើលចង់ឃើញ ចង់ដឹងថា តើអ្នកដែលស្លាប់២-៣ថ្ងៃមកហើយនោះ អាចរស់ឡើងវិញដូចគេថាឬអត់?
ស្ត្រីឈ្មោះ ជួន ហ៊ាន ដែលជាម្ដាយសពបានប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ បួន គង់ អាយុ១៨ឆ្នាំ បានស្លាប់កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ គឺជាថ្ងៃចូលឆ្នាំដំបូង ដោយពុំមានជំងឺអ្វីទាំងអស់គឺនៅសុខៗក៏ទន់ដៃ ទន់ជើងទៅ ហើយស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។ លុះស្អែកឡើងថ្ងៃបន្ទាប់ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ គាត់និងក្រុមគ្រួសារ ក៏ធ្វើពិធីបញ្ចុះសពកូនស្រី គឺបញ្ចុះនៅជាប់នឹងផ្ទះតែម្តង ដោយផ្នូរធ្វើពីថ្មបេតុងគ្របយ៉ាងស្អាត និងសរសេរឈ្មោះយ៉ាងត្រឹមត្រូវទៀតផង។
លុះចូលមកដល់ថ្ងៃទី១៦ ខែមេសា ស្រាប់តែមិត្តភក្តិប្តីរបស់គាត់ម្នាក់ឈ្មោះគា នៅឃុំរការជួរ បានទូរសព្ទ័មកប្រាប់ថា កូនស្រីរបស់គាត់បានទៅពន្យល់សប្តិគាត់ប្រាប់ថា គេមិនទាន់ស្លាប់ទេ ឱ្យជួយគាស់ផ្នូរយកគេចេញមកវិញផង។ ពេលឮបែបនេះ គួបផ្សំនឹងរូបគាត់មិនទាន់អស់អាល័យពីកូនស្រីផង ក៏ជឿតាម ហើយចៃដន្យពេលនោះ ក៏បានជួបព្រះសង្ឃព្រះនាម ភារម្យ អះអាងថា អាចជួយប្រោះព្រំឱ្យរស់ឡើងវិញទៀត ក៏សម្រេចចិត្តនាំគ្នាគាស់ផ្នូរកូនស្រីតែម្តង។
ប៉ុន្តែព័ត៌មាននេះ គាត់និងក្រុមគ្រួសារមិនបានប្រាប់ទៅអ្នកជិតខាងអោយដឹងទេ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែមានអ្នកស្រុកផ្អើលភ្លូកទឹកភ្លូកដី មកមើលបែបនេះតែម្ដង។ មូលហេតុដែលគាត់ជឿថា កូនស្រីគាត់អាចរស់ឡើងវិញនោះ គឺដោយសារតែកូនស្រីគាត់ មានលក្ខណៈ សម្បត្តិអស្ចារ្យខុសពីគេឯង គឺតាំងពីដឹងក្តីមក កូនគាត់មិនដែលហូបអាហារមានសាច់ទេ គឺហូបតែអាហារបួស ពេលអាយុបាន៨ឆ្នាំ ក៏ចេះមើលព្យាបាលជំងឺ ឱ្យអ្នកស្រុកតាមអរូបុិយបានធូរស្បើយគ្រប់ៗគ្នា រហូតអ្នកស្រុកឱ្យឈ្មោះថា ព្រះនាង ទៀតផង។
គាត់រៀបរាប់បន្តទៀតថា មួយរយៈចុងក្រោយមុនកូនស្រីគាត់ស្លាប់ កូនគាត់មិនហូបអាហារទេ គឺហូបតែផ្កា៧យប់៧ថ្ងៃ ទើបហូបបាយម្តង គឺជាហេតុចំឡែកដ៏អស្ចារ្យមិនដែលបានឃើញ ទើបធ្វើឱ្យគាត់ជាម្តាយជឿជាក់ថា កូនស្រីអាចរស់ឡើងវិញបាន។ ទោះជាយ៉ាងណាក៏ដោយ នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ពេលនាំគ្នាគាស់គំរបផ្នូរចេញ គេបានឃើញសពនាង បួន គង់ នៅស្ដូកស្ដឹងក្នុងមឈូស ដែលមានសភាពហើម និងមានជះក្លិនស្អុយទៅហើយ៕