(គុយបា)៖ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានធ្វើការរិះគន់ចំពោះដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មកកាន់ទីក្រុងឡាហាវ៉ាន់ កាលពីពេល ថ្មីៗនេះថាជា ការវាយប្រហារមួយ ចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់គុយបា តាមរយៈការបំពុល បរិយាកាសរបស់ប្រជាជនដែលកំពុងបម្រើការងារឯកជន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។
ការលើកឡើងរបស់លោក Rodriguez នេះបានធ្វើឡើងនៅក្នុងសមាជិករបស់គណបក្សកុម្មុយនិស្តគុយបា (PCC) លើកទី០៧ នៅរដ្ឋធានីឡាហាវ៉ាន់។ នៅក្នុងបទអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ រដ្ឋគុយបា លោករដ្ឋមន្ត្រីការបរទេសបានថ្លែងដូច្នេះថា «ដំណើរទស្សនកិច្ច បានបង្ហាញឲ្យឃើញ ពីការប៉ះទង្គិចដល់របៀបរបបរស់នៅរបស់យើង ក៏ដូចជាប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណរបស់យើងផងដែរ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រមុខការទូតគុយបាខាងលើនេះ គឺចង់សំដៅទៅលើការថ្លែង និង អត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា មកកាន់គុយបាកាលពីខែមីនា ថាបាន ពង្វក់អារម្មណ៍ប្រជាជនគុយបាជាច្រើន ដែលបាននិងកំពុងកើនឡើងសម្រាប់ការបម្រើការងារនៅ ផ្នែកឯកជន ហើយវាក៏ត្រូវបានគុយបា ចាត់ទុកជាចេតនារបស់អាមេរិក ដែលចង់ឲ្យកើតមានការប្រឆាំង ចំពោះប្រព័ន្ធដឹកនាំ នយោបាយរបស់ប្រជាជាតិលើដីកោះនេះផងដែរ៕