(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យ បណ្តាស្រុកនានា ក្នុងខេត្តព្រះវិហារ ទាញយកអគ្គិសនីពីរោងចក្ររបស់ក្រុមហ៊ុនចិន Rui Feng (Cambodia) International បន្ទាប់ពីក្រុមហ៊ុននេះបញ្ចប់គម្រោងផលិតថាមពលអគ្គិសនី ដែលជាគម្រោងបន្ទាប់ នៅពេលខាងមុខ។
គម្រោងបន្ទាប់របស់ក្រុមហ៊ុននេះ គឺជាការប្រើប្រាស់កាកអំពៅ ដែលជាសំណល់អំពីការផលិតស្ករស យកទៅប្រើប្រាស់ ដើម្បីផលិតអគ្គិសនី ដែលមានថាមពលចំនួន ៣៩មេហ្គាវ៉ាត់ ក្នុងនោះរោងចក្រ Rui Feng ត្រូវការអគ្គិសនី ៩មេហ្គាវ៉ាត់ប៉ុណ្ណោះដើម្បីប្រើប្រាស់។ សម្តេចតេជោ បានលើកឡើងថា អគ្គិសនីជាង២០មេហ្គាវ៉ាត់ទៀត ដែលនៅសេសសល់ នឹងអាចជួយឱ្យខេត្តព្រះវិហារ បន្ថយទាញយកថាមពលអគ្គិសនីពីរាជធានីភ្នំពេញ និងអាចឈានដល់ការពិចារណាបន្ថយការទិញអគ្គិសនីពីប្រទេសឡាវ។
ក្នុងពិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ ដ៏ធំជាងគេនៅកម្ពុជា ក្នុងទឹកដីខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប្រើប្រាស់កាកអំពៅ ហើយផលិតទៅជាអគ្គិសនី រហូតទៅដល់ ៣៩មេហ្គាវ៉ាត់។ បើ៣៩មេហ្គាវ៉ាត់ មិនចាំបាច់ទៅទាញយកភ្លើងពីភ្នំពេញមកទេ ទាញភ្លើងពីរោងចក្រនេះ ទៅផ្គត់ផ្គង់តាមបណ្តាស្រុក នៅក្នុងខេត្តព្រះវិហារហ្នឹងគ្រប់គ្រាន់ហើយ ហើយមួយភាគទៀតអាចផ្គត់ផ្គង់រោងចក្រ ស្លដែកបានថែមទៀតផង អាហ្នឹង គឺការផលិតទី២»។
សម្តេចបានបន្ថែមថា «យើងគ្រោងថាទិញអគ្គិសនីពីឡាវទេ សម្រាប់ការផ្គត់ផ្គង់នៅខេត្តព្រះវិហារ ប៉ុន្តែឥឡូវត្រូវដាក់ឱ្យសិក្សាឡើងវិញ ដោយក្រសួងរ៉ែ និងថាមពល ថាតើមានការចាំបាច់ដើម្បីទិញភ្លើងពីឡាវដែរឬទេ? ហើយបើទិញគឺទិញប៉ុន្មាន ក្នុងករណីកន្លែងនេះអាចផ្គត់ផ្គត់ភ្លើង»។
ក្រុមហ៊ុនចិន Rui Feng (Cambodia) International ដែលចំណាយទឹកប្រាក់វិនិយោគជាង១ពាន់លានដុល្លារនៅកម្ពុជា បានបញ្ចប់គម្រោងទី១របស់ខ្លួន ក្នុងការសាងសង់រោងចក្រស្ករស ដ៏ធំជាងគេនៅអាស៊ី ដែលមានតម្លៃ៣៦០លានដុល្លារ។ ក្រុមហ៊ុននេះ ក៏គ្រោងសាងសង់រោងចក្រជាបន្តបន្ទាប់ទៀត ក្នុងនោះមានរោងចក្រ ផលិតថាមពលអគ្គិសនី រោងចក្រផលិតអាល់កុល និងជីសេរីរាង្គជាដើម៕