(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង

ស្តីពី ការផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា ។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹង បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១មក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលបានធ្វេីឱ្យឧបករណ៍តេស្តរហ័សមានភាពសំបូរនិងបន្សាំទៅនឹងតម្លៃទីផ្សារ ហើយក្រសួង ស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅមានលទ្ធភាពក្នុងការទិញយកទៅធ្វើតេស្ត និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

បច្ចុប្បន្ន ក្រសួងកំពុងចែកចាយ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ និង Wondfo ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។

ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទាំងពីរប្រភេទនេះទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្ដល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន។ សម្រាប់សាធារណជន ដែលបានបញ្ជាទិញនិងទូទាត់រួចមុនកាលបរិច្ឆេទខាងលើ សូមមកទទួលឧបករណ៍តេស្តរហ័សនៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបន្តបញ្ជាទិញឧបករណ៍តេស្តរហ័សតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលធ្លាប់ប្រើប្រាស់ពីមុនមក មានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញទិញដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋាន វិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ០៩៦ ៦៥៩ ២៧៣៣/ ០១៥ ២៧៩ ៩២៧ ជារៀងរាល់ម៉ោងធ្វើការ ឬតាមដានទំព័រហ្វេសបុករបស់ប្រៃសណីយ៍កម្ពុជា៕