(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចក្រោយបញ្ចប់ការសាកសួរ កញ្ញា ស្រីមុំ នៅសាលាដំបូងរាជធានីភ្នំពេញថា៖ នៅក្នុងអំឡុងពេលសាកសួរ កញ្ញា ស្រីមុំ បានទទួលស្គាល់ថា សារសម្លេងឆ្លើយឆ្លង ដែលបែកធ្លាយលើបណ្តាញសង្គមនោះគឺពិតជាសារសន្ទនារវាងកញ្ញា និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

បើទោះបីមានការសារភាពពីសំណាក់ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ យ៉ាងណាក្តី ប៉ុន្តែលោក សៀង សុខ មិនទាន់មានចំណាត់ការទៅលើកញ្ញាស្រីមុំ យ៉ាងណានោះទេ ដោយបានអនុញ្ញាតឲ្យកញ្ញា ស្រីមុំ ត្រឡប់ទៅផ្ទះវិញ ហើយព្រះរាជអាជ្ញានឹងពិនិត្យនីតិវិធីបន្តទៀត។

សូមជំរាបថា លោកស្រី ធីតា ឃើស នាយិកាអង្គការសីលការ (Silka) បានជំរុញឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចេញមុខបកស្រាយចំពោះរឿង អាស្រូវកន្លងមក ដើម្បីកុំឱ្យតែតួអង្គ ស្រីមុំ ចេញមុខតែម្នាក់ឯងពេក។

លោកស្រី ធីតា ឃើស បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅជាប់របងតុលាការក្រុងភ្នំពេញ គ្រាដែលស្រីមុំ កំពុងចូលបំភ្លឺ​ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ៕