(ភ្នំពេញ)៖ លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលតែងតាំងដោយកម្ពុជា នៅឆ្នាំ២០២២ ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។

ការអះអាងរបស់ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អំឡុងពេលដែល លោក វុនណា ម៉ោងល្វីន មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។

កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងតែងតាំងប្រេសិតពិសេស ដើម្បីបន្តការងារពីប្រេសិតពិសេសតែងតាំងដោយប្រទេសប្រ៊ុយណេ នៅពេលបច្ចុប្បន្ន ដោយចាប់ផ្តើមជាមួយអាណត្តិជាប្រធានរបស់ខ្លួននៅខែមករា ឆ្នាំក្រោយ។ នេះជាការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបទ្វេភាគីលោករដ្ឋមន្ត្រី ការបរទេសមីយ៉ាន់ម៉ា បានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអាទិភាព និងគម្រោងសមិទ្ធផលរបស់កម្ពុជា។

«ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេស របស់ប្រធានអាស៊ាន ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌»។ នេះបើតាម សេចក្តីប្រកាសរបស់ក្រសួងការបរទេស។

មីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ លោកស្រី អោងសាន ស៊ូជី ប្រធានគណបក្សប្រជាធិបតេយ្យ និងមេដឹកនាំកំពូលបក្សនេះមួយជំនួន ត្រូវបានចាប់ឃុំខ្លួន។ តុលាការមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានផ្តន្ទាទោសលោកស្រី ដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។ ទោះជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឲ្យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ។

សូមជំរាបថា តាមរយៈជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានសម្រេចនូវផ្លែផ្លាដ៏ធំធេងសម្រាប់ជម្លោះ និងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអូសបន្លាយជិត១ឆ្នាំមកនេះ។ អាស៊ាន បានដាក់ចេញនូវគោលការណ៍ចំនួន៥ចំណុចសំខាន់ ឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនោះមានដូចជា៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕