(បាត់ដំបង)៖ លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងតំណាងក្រសួងមហាផ្ទៃ តំណាងឱ្យលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្ដីរាជការមកពី៥ខេត្ត គឺខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

ការផ្សព្វផ្សាយលើបែបបទ និងនីតិវិធីការគ្រប់គ្រងលើការអនុវត្តមុខងារក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នាពេលនេះមានមុខងារមួយចំនួនរួមមាន៖

*ទី១៖ ការគ្រប់គ្រងការចុះបញ្ជី និងការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល កែច្នៃដំឡើងទោចក្រយានយន្ត
*ទី២៖ សេវាចុះបញ្ជីទោចក្រយានយន្ត (ចុះបញ្ជី ប្តូរទុតិយតា និងតតិយតាបណ្ណសម្គាល់ ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខ)
*ទី៣៖ សេវាចុះបញ្ជីត្រីចក្រយានយន្តនិងរ៉ឺម៉កទោចក្រយានយន្ត (ចុះបញ្ជីត្រីចក្រយានយន្ត ចុះបញ្ជីរ៉ឺម៉កទោចក្រយានយន្ត ប្តូរទុតិយតា និងតតិយតាបណ្ណសម្គាល់ត្រីចក្រយានយន្ត ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខសម្គាល់ត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត)
*ទី៤៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក (ប្រគល់ ទុតិយតា និងតតិយតា វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស)៕