(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន និងលោក ស៊ាក ឡេង អនុប្រធានកិត្តិយស នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ នាំយកអំណោយជាអាវរងារ ស្បៀងអាហារ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា ចែកជូនលោកតាលោកយាយចាស់ជរា មានជីវភាពខ្វះខាត ក្នុងស្រុកពញាក្រែក ចំនួន៥០នាក់ តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ខណៈគ្រាដែលអាកាសធាតុបានចុះត្រជាក់។

នាឱកាសនោះដែរលោក ជាម ច័ន្ទសោភ័ណ បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ០៥ ធ្នូ ២០២១ ក្រោមប្រធានបទ៖ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ដែលរៀបចំឡើងដោយ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅសាលាស្រុកពញាក្រែក។

មានមតិសំណេះសំណាលលោក ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត និងថ្លែងការកោតសរសើរ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគម៍របស់ខ្លួន។

លោក ជាម ច័ន្ទសោភ័ណ បានជំរុញលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់ សូមបន្តសកម្មភាពដ៏ល្អមួយនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងប្រតិបត្តិការមនុស្សធម៌ជួយជនងាយរងគ្រោះបំផុត និងអ្នករងគ្រោះ តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនឱ្យនរណាម្នាក់អត់អាហារស្លាប់នោះឡើយ»។

បន្ថែមពីនេះលោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវរក្សាសុខភាពខ្លួនឱ្យបានល្អ បើយើងគ្មានសុខភាពរឹងមាំនោះទេ ម្តេចនឹងចុះជួយបងប្អូនពលរដ្ឋបាន ជាពិសេសក្នុងបរិបទកូវីដ១៩នេះតែម្តង។ ដើម្បីជាការលើកទឹកចិត្ត គណៈអធិបតីបានចែកជូននូវប័ណ្ណសរសើរ ជែល ម៉ាស់ និងថវិកាមួយចំនួនដល់អ្នកស្ម័គ្រចិត្តទាំង១២០នាក់ នាឱកាសនោះផងដែរ។

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចំពោះលោកតាលោកយាយទាំង៥០នាក់ ក្នុងម្នាក់ទទួលបានអាវរងារ០១ អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួន៕