(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជេីញចូលរួមពិធីប្រគល់ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់ថា ជំនួយរដ្ឋាភិបាលនិង ប្រជាជនសិង្ហបុរី ផ្តល់ដល់កម្ពុជានេះរួមមាន៖ ម៉ាស៊ីនធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន ១គ្រឿង, ម៉ាស់វះកាត់ ចំនួន ១លាន ម៉ាស់ និង ជែលលៀងដៃចំនួន ២០០,០០០ដប។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់បន្ថែមថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំង អ្នករងគ្រោះដោយជំងឺកូវីដ-១៩។

ជាមួយគ្នានោះ លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី បានសម្តែងនូវការកោតសរសើរចំពោះវិស័យសុខាភិបាលកម្ពុជា ដែលបាន ធ្វើឲ្យប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា ក៏ដូចជាការការពារ ទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា និងជនបរទេសសលរស់នៅប្រទេសកម្ពុជា បានលើស ៨៨% នៃចំនួន ប្រជាជនសរុប ១៦លាននាក់ រួមទាំងជនជាតិសិង្ហបុរីទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេស មន្ត្រីការទូតសិង្ហបុរីទាំងអស់។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលសិង្ហបុរី ដោយចាត់ទុកថា គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាន និងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតប ការរាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍៕