(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅក្នុងឃុំគោកល្មៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននិង កំពុងខ្វះទឹកប្រើប្រាស់ ហើយកំពុងប្រឈមនិងមានជម្ងឺគ្រួសតម្រង់នោមទៀតផង ពីព្រោះបច្ចុប្បន្ននេះ គ្មានទឹកស្អាត និងគ្មានប្រព័ន្ធទឹកឡើយ សូម្បីតែពួកគាត់ជីកអណ្តូងប្រភេទណាក៏មិនចេញទឹកឡើយ ។ ដូច្នេះពួគគាត់សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសនោះលោកអភិបាលខេត្តជួយរកវិធានការណ៌ជូនពួកគាត់ជាបន្ទាន់មិនដូច្នោះទេពួកគាត់ ព្រមទាំងកូនៗនឹងមានជម្ងឺជាមិនខានឡើយ។
ស្រ្តីម្នាក់ឈ្មោះ ហាក់ ឡៃអៀង អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើបានឲ្យដឹងថា គាត់រស់នៅទីនេះជាច្រើនឆ្នាំហើយ តែមិនដែលឃើញមានអាជ្ញាធរ មានវិធានការណ៍ និងជួយដោះស្រាយជូនពួកគាត់ក្នុងឃុំឡើយ ហើយបច្ចុប្បន្ននេះភូមិឃុំគាត់ក្តៅហែងយ៉ាងខ្លាំង។ គាត់បន្តថា កាលពីមុនអ្នករស់នៅភូមិគាត់បានទៅទិញទឹកពីព្រំដែនថៃយកមកប្រើប្រាស់ និងបរិភោគ ដូច្នេះហើយគាត់សូមឲ្យ អាជ្ញាធរមេត្តាសហការ ជាមួយភាគីថៃ ដើម្បីមានការតបណ្តាញទឹកស្អាតមកប្រើប្រាស់ផង។
លោក សុខ វ៉ាន់នី បានឲ្យដឹងផងដែរថា ៥ថ្ងៃគាត់ចំណាយថវិកាប្រមាណជា ៥០,០០០រៀល ដើម្បីទិញទឹកស្រះគេ ដែលដឹកមកលក់ដល់គេហដ្ឋានតែម្តង ។ លោកបន្តថា «ប្រសិនជាខ្ញុំមានលុយដូចគេឯង ខ្ញុំនឹងទៅរកជំរកថ្មីជាមិនខាន មិនទ្រាំរស់នៅបែបនេះឡើយ»។
លោក ប្លែក វ៉ារី អភិបាលស្រុកថ្មពួក បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះថា «ក្នុងអំឡុងខែនេះ គឺខាងក្រុមហ៊ុនទឹកស្អាតបានបូមទឹកពីដី តែវាមិនគ្រប់គ្រាន់ ហើយមួយណាអាកាសធាតុនេះវាប្រែប្រួល និងឥឡូវនេះ ខាងអាជ្ញាធរយើងកំពុងខិតខំប្រឹងប្រែងជួយពួកគាត់ណាស់»។ លោកបន្តថា «បច្ចុប្បន្ននេះទាំងស្រះ ទាំងអណ្តូងក្នុងស្រុកយើងវារីងស្ងួតស្ទើរចង់អស់ ចំណែកបឹងធំ២ គឺបឹងអាំងស្រែល្អ និងបឹងអាំងគោកព្រិច ដែលមានចំងាយពីទីប្រជុំជន ប្រមាណជា៣គីឡូម៉ែត្រ តែឥឡូវនេះគឺយើងឲ្យខាងអាជីវករដឹកទឹកយកទៅលក់ឲ្យពលរដ្ឋយើងហើយ តែវាមិនសូវស្អាតបន្តិច ប៉ុន្តែពលរដ្ឋយើងមុននឹងប្រើប្រាស់ គឺត្រូវដាំទឹកឲ្យពុះជាមុនសិន ដើម្បីបញ្ជៀសការឆ្លងជម្ងឺផ្សេងៗ»៕