(រ៉ងហ្គូន)៖ មេបញ្ជាការយោធាថ្នាក់តំបន់មួយរូបរបស់ប្រទេសមីយ៉ាន់ម៉ា បានស្លាប់ និងទាហានរាបសិបនាក់ ទៀតរងរបួសបន្ទាប់ពួកគេបានប្រយុទ្ធគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច Arakan នៅរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។
ក្រសួងការពារជាតិមីយ៉ាន់ម៉ា បានប្រកាសព័ត៌មានធ្ងន់ធ្ងរខាងលើនេះ បន្ទាប់ពីការប្រយុទ្ធគ្នាមួយ ប្រាវបានកើត ដោយសារតែកងកម្លាំង Arakan បានចូលមកធ្វើការអុកឡុកភូមិរបស់ប្រជាជន ហើយក៏ឈានទៅដល់ការវាយប្រហារ ទីបញ្ជាការយោធាក្នុងតំបន់ថែមទៀត។
ក្រោយពីកើតហេតុ កងកម្លាំងយោធាបានបើកការវាយបកវិញ ហើយក៏រឹបអូសបានទីតាំងឈរជើង បណ្តោះអាសន្នមួយ របស់ក្រុមជនជាតិភាគតិចប្រដាប់អាវុធ ដោយយោធាបានក៏រកឃើញ អាវុធជាច្រើនដើមផងដែរ។ សម្រាប់ក្រុម Arakan នេះគឺជាក្រុមជនជាតិភាគតិចប្រដាប់អាវុធមួយ ក្នុងចំណោមក្រុមមួយចំនួនទៀត ដែលមិនទាន់បានចុះចូលជាមួយរដ្ឋាភិបាលនៅឡើយទេ៕