(កំពង់ធំ)៖ ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយ:យុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះ ទើបជម្រុញឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើជាសេនាធិការឲ្យ សមត្ថកិច្ចសម្រាប់ការជួយទប់ស្កាត់ និងការពារបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ក្នុងនោះក្រុមប្រជាការពារ ក៏មិនត្រូវបានមើលរំលងផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៦ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង និងក្រុមការងារ បានមកបំពាក់ឯកសណ្ឋានជូនប្រជាការពារ ចំនួន ១១៨នាក់ ស្រីម្នាក់ ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ព្រឹម រដ្ឋាប្រធានគណៈបញ្ជាការឯកភាពស្រុកស្ទោង បានផ្តាំផ្ញើដល់ប្រជាការពារ ឲ្យចូលរួម សហការជាមួយសមត្ថកិច្ច និងជាសេនាធិការឲ្យស្រុក ឲ្យឃុំ និងសមត្ថកិច្ច សម្រាប់ ជួយផ្សព្វផ្សាយច្បាប់របស់រាជរដ្ឋាភិបាល និងសុំឲ្យប្រជាការពារទាំងអស់គោរពច្បាប់ មានសណ្តាប់ធ្នាប់ និងវិន័យជាគំរូល្អដល់យុវ័យ ពង្រឹងយ៉ាងម៉ឺងម៉ាត់នូវការទប់ស្កាត់បទល្មើសផ្សេងៗ សហការ សាមគ្គីគ្នាលុបបំបាត់ក្មេងទំនើង ចោរលួច ចោរប្លន់ ការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ និងហាមមិនឲ្យប្រជាការពារនាំយក តួនាទីទៅប្រព្រឹត្តបទល្មើសដែលនាំឲ្យ បាត់បង់នូវតម្លៃរបស់ប្រជាការពារ។
លោក គង់ វិមាន បានថ្លែងថាក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំឲ្យមានការរៀបចំ រចនាសម្ព័ន្ឋប្រជាការពារ សម្រាប់ការពារសុវត្តិភាពតាមបណ្តាភូមិ ឃុំ ជាក់ស្តែងប្រជាការពារ ដែលត្រូវបានរៀបចំនៅក្នុងឃុំពពក ដែលមានចំនួន៨ភូមិ ស្មើនឹង១១៨នាក់។
លោកបានផ្តាំផ្ញើដល់ក្រុមប្រជាការពារ កុំប្រើប្រាស់ផ្លាកសញ្ញាកងកម្លាំងប្រដាប់អាវុធ ដែលនាំអោយមានការភ័ន្តច្រឡំ ក្នុងកិច្ចប្រតិបត្តិការនានា ព្រោះប្រជាការពារជាជនបង្គោល ជាមនុស្សគំរូ និងជាទំនុកចិត្តរបស់ភូមិ ឃុំ ចលនាប្រជាការពារ មិនអនុញ្ញាតិអោយប្រើប្រាស់អាវុធ ប្រើខ្នោះ ហើយមិនមានបញ្ជូលក្នុង ក្របខ័ណ្ទក្នុងរដ្ឋាភិបាលនិងពុំមានប្រាក់បៀរវត្តនោះទេ ព្រោះគឺជាការស្ម័គ្រចិត្ត សម្រាប់ការពារក្នុងភូមិខ្លួនឯង មិនអនុញ្ញាតឲ្យទៅដេញឡាន កាងបទល្មើស អាឈើ និងចាប់ឈើសម្រេចកាត់ក្តីដោយខ្លួនឯងនោះទេ តែមានសិទ្ធចូលរួមសហការជាមួយសមត្ថកិច្ច និងត្រូវរៀប ចំរចនាសម្ព័ន្ឋផ្ទៃក្នុងសម្រាប់ការបែងចែកតួនាទី ក្នុងការគ្រប់គ្រង់ក្នុងភូមិសាស្រ្តដែលទទួលខុសត្រូវ និងមានសិទ្ធចាប់បទល្មើសដូចជាបទល្មើសគ្រឿងញៀន បទល្មើសជួញដូរ ក្មេងទំនើងអុកឡុកក្នុងកម្មវិធី និងជួយអប់រំដល់ប្រជាពលរដ្ឋប្រយ័ត្នភ្លើងចង្ក្រាន ទៀនធូប វាអាចបង្កគ្រោះមហន្តរាយទ្រព្យសរម្បត្តិរបស់យើង ឬអ្នកដទៃ និងការដុតកាប់ឆ្ការព្រៃ៕