(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ហើយស្របនឹងវិបត្ដិសកលលោកនេះ កាកបាទក្រហមកម្ពុជា បានបន្ដចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងផ្ដល់ជាសម្ភារសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់មន្ដ្រីជួរមុខទូទាំង២៥រាជធានី-ខេត្ដផងដែរ។

សម្រាប់នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានបន្តប្រគល់ជែលលាងដៃជូនសរុបចំនួន ៨០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំនួន ១០០កេស, មន្ទីរពេទ្យខេត្តសៀមរាប ចំនួន ១៥០កេស, មន្ទីរពេទ្យកុមារ ចំនួន ៥០កេស, មន្ទីរពេទ្យជ័យវរ្ម័ន ចំនួន ៥០កេស, មន្ទីរពេទ្យបង្អែកអង្គរជុំ ចំនួន ១០០កេស, មន្ទីរពេទ្យបង្អែកសូទ្រនិគម ចំនួន ១០០កេស, មន្ទីរពេទ្យបង្អែកពួក ចំនួន ១០០កេស, មន្ទីរពេទ្យបង្អែកក្រឡាញ់ ចំនួន ១០០កេស និងមន្ទីរពេទ្យយោធភូមិភាគ៤ ចំនួន ៥០កេស។

ពិធីនេះធ្វើឡើងនៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវ ព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ហ្លួងម៉ែ និងបណ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលកំពុងបំរើការងារមនុស្សធម៌ នៅទូទាំងខេត្តសៀមរាប។

ជាពិសេសថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ហើយក៏បានចាត់ទុកក្រុមគ្រូពេទ្យ គឺជាវីរជនជួរមុខ ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅមូលដ្ឋាននៃខេត្តសៀមរាមនេះផងដែរ។

ទន្ទឹមនឹងនោះ លោកស្រី សុខ ណារ៉ូ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ កាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ក្រុមការងារចុះអនុវត្តការងារ។

លោកស្រីបានថ្លែងបន្តថា ក្រោយពីទទួលបានជែល លាងដៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកទៅប្រើប្រាស់ ឲ្យចំគោលដៅ ក្នុងការបម្រើសកម្មភាពរួមចំណែកទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩នៅតាមមូលដ្ឋាននានាឲ្យមានប្រសិទ្ធភាព៕