(ព្រះសីហនុ)៖ បុរសជនជាតិវៀតណាមម្នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Metfone ត្រូវបានជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ជាសិស្សសាលាថ្នាក់ទី១២ បានឆក់យកសម្ភារៈ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ប៉ុន្តែពួកគេទាំង២នាក់ ត្រូវបានកម្លាំងនគរបាលតាមបង្ក្រាប និងចាប់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព។
លោក កុល ផល្លី ស្នងការរង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា «ក្រោយជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពបានសម្រេច ភ្លាមៗនេះត្រូវបានកម្លាំងជំនាញ កម្លាំងអធិការនគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាលទាំង៤ ក្រោមបញ្ជាពីលោកស្នងការ សហការគ្នាចាប់ បង្ក្រាបបានទាំងស្រុងតែម្តង»។
លោក កុល ផល្លី បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ គីង ង្វៀងមិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន Metfone។ ដោយឡែក ជនសង្ស័យចំនួន២នាក់ រួមមាន ទី១. ឈ្មោះ ឌុក សារ៉ាត់ ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររៀនថ្នាក់ទី១២ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ និងទី២. ឈ្មោះ គីង ដែន ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ក្រោយចាប់ខ្លួនកម្លាំងនគរបាលបានដកហូត ម៉ាស៊ីនថត ១គ្រឿង (ផលអំពើចោរកម្ម) និងម៉ូតូម៉ាកសង់ឌ្រីម C125 សេរីឆ្នាំ២០១៥ ចំនួន ១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។
ករណីនេះ កម្លាំងជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សម្រាប់សកម្មភាពបទល្មើសឆក់នេះ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បញ្ជាក់ថា «ពេញមួយបុណ្យចូលឆ្នាំកន្លងទៅនេះ គឺមិនមាននោះទេ ទើបតែយប់មិញ កើតមានមួយករណីក៏ត្រូវជាប់ខ្នោះតែម្តង»។
ដោយឡែកនៅម៉ោង៧៖០០នាទីយប់មិញនេះដែរ មានករណីជនបរទេសម្នាក់បានស្លាប់ នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ផងដែរ ដែលជនបរទេសរូបនេះមានឈ្មោះ SKOV DENNIS ភេទប្រុស កើតថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៥៩ ជនជាតិដាណឺម៉ាក កាន់លិខិឆ្លងដែនលេខ ២០៦៧៥៨៧៣៥ សពុលភាពថ្ងៃទី០១.០៧.២០១៦ និងបានមកស្នាក់នៅតាំងពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ មកម្ល៉េះ។
បើតាមលោក កុល ផល្លី ឆ្លងតាមការធ្វើកោសល្យវិច្ឆ័យ របស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវិជ្ជបណ្ឌិតសាកសពនេះស្លាប់ដោយសារ ជំងឺគាំងបេះដូង (ស្លាប់រយៈពេល៤ថ្ងៃ មុនការពិនិត្យ ) ។ សាកសពបានរក្សាទុកនៅ មន្ទីរពេទ្យបង្អែកក្រុងខេត្តព្រះសីហនុ រង់ចាំការសម្រេចពីស្ថានទូតរបស់សព៕