(កំពង់ធំ)៖ បុរសម្នាក់ បានសម្លាប់ប្រពន្ធរបស់ខ្លួន ដុតផ្ទះបំផ្លាញចោល រួចហើយរត់ទៅចងក បញ្ចប់ជីវិតនៅនឹងដើមឈើមុខផ្ទះ ដោយសារតែឥទ្ធិពលនៃទឹកប្តូរនិស្ស័យ បានប្រែក្លាយជាមនុស្សមានចិត្តសាហាវឃោរឃៅ យ៉ាងដូច្នេះ បង្កឲ្យមានការភ្ញាក់ផ្អើល និងរន្ធត់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។ ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកសណ្តាន់ បានប្រាប់ Fresh News នៅថ្ងៃទី១៩ ខែមេសា នេះថា តាមការចុះស្រាវជ្រាវ និងការរៀបរាប់ឲ្យដឹងពីប្រជាពលរដ្ឋ គឺករណីឃាតកម្មខាងលើនេះបង្កឡើយដោយជនសង្ស័យជាប្តីឈ្មោះ កេត ថាញ់ អាយុ៤២ឆ្នាំ និងប្រពន្ធ ឈ្មោះ វ៉ន សាំ អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកស៊ីឈ្នួលអារឈើឲ្យគេ។
ទាំង២នាក់ប្តីប្រពន្ធនេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយអ្នកទាំង២នាក់នេះគឺជាមនុស្សញៀនស្រាដូចគ្នា និងតែងតែបង្កជម្លោះទាស់ទែងគ្នា មិនដែលលួសថ្ងៃណានោះទេ។
ជាក់ស្តែងនៅយប់ថ្ងៃកើតហេតុខាងលើពួកគេ បាននាំគ្នាផឹកស្រាស្រវឹងជោគជាំ ហើយក៏បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំងយកតែឈ្នះរៀងៗខ្លួន ធ្វើឲ្យប្តីទ្រាំពុំបានក៏ស្ទុះទៅទាញបានកាំបិតកាប់ផ្គាក់កាប់ទៅលើស្ត្រីជាប្រពន្ធ ចំនួន៣កាំបិត ចំគល់កខាងក្រោយ១កាំបិត ចំគុំត្រចៀកខាងឆ្វេង១កាំបិត និងចំលើចិញ្ចើម១កាំបិត បណ្តាលឲ្យដាច់ខ្យល់ស្លាប់នៅក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុយ៉ាងអណោចអាធ័មបំផុត។
ក្រោយសម្លាប់ប្រពន្ធហើយ ជនសង្ស័យក៏បានដុតផ្ទះរបស់ខ្លួនទំហំ៥ម x៦ម ធ្វើអំពីឈើប្រកសង្ក័សី សម្រាប់ស្នាក់នៅបណ្តោះអាសន្នស៊ីឈ្នួលអារឈើ នៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យឆេះអស់ទាំងស្រុង ក្រោយមកក៏បានយកខ្សែអង្រឹង ទៅចងកសម្លាប់ខ្លួនទៅ ជាមួយនឹងដើមឈើខាងមុខផ្ទះ ចម្ងាយប្រហែល៥ម៉ែត្ររហូតដាច់ស្លាប់តែម្តង។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញធ្វើកោសល់វិនិច្ឆ័យរួច ក៏បានប្រគល់សពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនេះ ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕