(ភ្នំពេញ)៖ មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រាប់ Fresh News តាមទូរស័ព្ទថា គិតមកដល់ម៉ោង៩៖៤៥នាទីព្រឹកថ្ងៃទី ១៩ ខែមេសានេះ ផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវ២១៧ (ផ្លូវចំការដូង) មានទឹកប្រើប្រាស់ឡើងវិញហើយ។
មន្ត្រីដដែលបន្តថា ក្រុមការងាររបស់រដ្ឋាករទឹក បានស្វែងរកមូលហេតុ នៃការដាច់ទឹកនៅជួរ បុរី លឹម ឈាងហោ ចំការដូង តាមបណ្តោយផ្លូវ២១៧ (ផ្លូវចំការដូច) ដែលគ្មានទឹកប្រើប្រាស់នេះ ហើយរកឃើញថា ការដ្ឋានដាក់លូលើផ្លូវ បានកាយដីប៉ះទុយូ ផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹក ទើបធ្វើឲ្យគ្មានទឹកប្រើប្រាស់យ៉ាងដូច្នេះ។
សូមជម្រាបថា ផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវ២១៧ ឬហៅថាផ្លូវចំការដូង ម្តុំបុរី លឹម ឈាងហោ ចំការដូង ចាប់តាំងពីម៉ោងប្រមាណជា ៣រសៀលរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមេសានេះ មិនទាន់មានទឹកប្រើប្រាស់នោះឡើយ ដោយប្រជាពលរដ្ឋខ្លះ ត្រូវចំណាយលុយទិញទឹកបរិសុទ្ធ ដើម្បីឲ្យកូនងូត និងប្រើប្រាស់ក្នុងផ្ទះជាបណ្តោះអាសន្ន៕