(អូស្ត្រាលី)៖ បំណែកមួយបន្ទះ សង្ស័យជារបស់យន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនជាងពីរឆ្នាំកន្លងមកនេះ ត្រូវបានគេរៀបចំបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីហើយនៅក្នុងសប្តាហ៍នេះ ក្រោយពី ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី បានធ្វើការត្រួតពិនិត្យរួចរាល់។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។
បំណែកខាងលើនេះ ត្រូវបានរកឃើញនៅឆ្នេរសមុទ្រនៃប្រទេសម៉ូហ្សាំប៊ិក (Mozambique) នៃតំបន់អាហ្វ្រិកខាងត្បូង កាលពីខែមីនា ហើយក្រោយមកត្រូវបានក្រុមត្រួតពិនិត្យអូស្ត្រាលី (ATSB) យកមកធ្វើការត្រួតពិនិត្យ និង ត្រៀមធ្វើការសន្និដ្ឋានចុងក្រោយ នៅពេលបញ្ជូនមកកាន់ប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា យន្តហោះម៉ាឡេស៊ី ដែលមានជើងហោះហើរ MH370 បានបាត់ស្រមោលទៅកាលពីថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងមនុស្សជិត ៣០០នាក់។ វាជាប្រភេទយន្តហោះ Boeing 777 ហើយបំណែកដែលត្រូវបានរកឃើញនោះមាន ស្លាកសញ្ញា Rolls Royce ដែលវាទំនងជាស្ថិតនៅ សន្ទះគ្របម៉ាស៊ីនរបស់យន្តហោះតែម្តង។ យ៉ាងណាក៏ដោយការពិតនឹងត្រូវលាតត្រដាងក្រោយ បំណែកនោះបញ្ជូនទៅដល់ម៉ាឡេស៊ី៕