(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ការរៀបចំពិធីវាយកូនហ្គោលមិត្តវិស័យមីន និងទទួលទានអាហារសាមគ្គីក្នុងក្របខណ្ឌគ្រួសារវិស័យមីន នៅទីលានវាយកូនហ្គោលហ្គាដិនស៊ីធី ដើម្បីថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលជួយដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាំងពីឆ្នាំ១៩៩២។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ បានទទួលដោយជោគជ័យគួរជាទីមោទនៈ ដោយមានវត្តមានអញ្ជើញចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំពីក្រសួងស្ថាប័ននានា អង្គទូតប្រចាំកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសប្បុរសធម៌ សមាគម និងវិស័យឯកជនជាតិ/អន្តរជាតិ និងមិត្ដវិស័យមីនជាច្រើនទៀតចូលរួមផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនឯកជនមួយចំនួនដែលចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំព្រឹត្តិការណ៍នេះកើតឡើង ដោយទទួលការអបអរសាទរពីមិត្តវិស័យមីនទាំងអស់ រួមមាន៖

ទី១៖ លោក Larry Kao អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ Manhattan & Medtecs
ទី២៖ Prince Foundation
ទី៣៖ លោក Mao Saravuth នាយកប្រតិបត្តិនៃក្រុមហ៊ុន IQPS Trading
ទី៤៖ លោក Anthony S. Gadlardi អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន SEARA Sports Systems
ទី៥៖ លោក Luis Moniz នាយកគ្រប់គ្រងនៃក្រុមហ៊ុន HGB luxury Division
ទី៦៖ លោក Mr T. Mohan នាយកគ្រប់គ្រងសារព័ត៌មាន Khmer Times
ទី៧៖ លោក Sochhath Gno អ្នកគ្រប់គ្រងសាខានៃក្រុមហ៊ុន SCG
និងទី៨៖ លោក Salah Essa នាយកក្រុមហ៊ុន Management Venture Asia (Cambodia) Co. Ltd

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែម និងបន្តជួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះឱ្យនៅកម្រិតអប្បបរមា និងឈានទៅលប់បំបាត់ឱ្យអស់គ្រាប់មីនពីទឹកដីកម្ពុជា នៅឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។

លោកបានបន្តទៀតថា «ការវាយគ្រាប់បាល់កាន់តែច្រើន ជំនាញរបស់អ្នកកាន់តែរីកចម្រើន ប៉ុន្ដែវាខុសពីការវាយគ្រាប់មីន ពេលអ្នកប៉ះគ្រាប់មីន អ្នកនឹងមិនមានឱកាសវាយវាម្តង ទៀតទេ ឬបើអ្នកនៅរស់ អ្នកនឹងមិនចង់វាយវាទៀតទេ... រឿងនេះបានកើតឡើងចំពោះមនុស្សជិត ៦៥,០០០នាក់ ដែលត្រូវបានស្លាប់ ពិការ និងរងរបួសដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា»។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ដែលបាននឹងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្លា និងមានតម្លៃបើគិតជាថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ឧបករណ៍សម្ភារៈ និងការកសាងសមត្ថភាព សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ៗ ក្នុងការចូលរួមការងារថែរក្សាសន្តិភាព ការសង្គ្រោះជីវិត ការកាត់បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ច-សង្គម ដែលអ្វីដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា «យើងទាំងអស់គ្នាបានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ខាងមុខ»៕