(កំពង់ចាម)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឧកញ៉ា អ៉ែល សារ៉ុម ព្រមទាំងសមាជិក គណ:កម្មាធិការបក្ស «ខ៦» ចំណុះគណ:កម្មាធិការគណបក្ស ខុទ្ទកាល័យសម្តេចតេជោ បាននាំថវិកាចំនួន១០លានរៀល ជាអំណោយរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនឃុំទងត្រឡាច និងប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ២៥០គ្រួសារ។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៊ឹង សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតនាពេលអនាគត។

ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច សូមចងចាំទុកជាប្រវត្តិសាស្រ្តចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លា ឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែង៧៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។

ឧកញ៉ា អ៉ែល សារ៉ុម បានជំរាបជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា ផ្លូវបេតុងនេះកំពុងបានស្ថាបនាប្រមាណ២៤០០ម៉ែត្រហើយ នៅសល់ប្រមាណ៥០០០ម៉ែត្រ មិនទាន់បានស្ថាបនានៅឡើយទេ។ លើសពីនេះទៀត ដាំបង្គោលភ្លើងបំភ្លឺផ្លូវ ដោយប្រព័ន្ធស៊ុលឡាដែលមានចំនួនជាង៦០០ដើម ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានគ្រប់ពេលគ្រប់កន្លែងផងដែរ។

ឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋឲ្យរួចផុតពី សេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

ឧកញ៉ា ឡូវ ហ៊ឺង បានអំពាវនាវបងប្អូនដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍ សូមចងចាំ និងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគ បាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។ អំណោយរបស់ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាថវិកាប្រមាណ ១០លានរៀល ផ្តល់ជូនឃុំទងត្រឡាចសម្រាប់ការអភិវឌ្ឍន៍ក្នុងឃុំ៕