(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីលលោកស្រី ឌីលម៉ា រួសេហ្វ (Dilma Rousseff) បានថ្លែងថា លោកស្រីគឺជា ជនរងគ្រោះ ដោយសារការរុកគួនពីបក្សពួកក្បត់ ដែលតែងតែប្រឆាំងលោកស្រី ហើយលោកស្រីក៏ បានប្តេជ្ញាថានឹងបន្តប្រយុទ្ធប្រឆាំងចំពោះការចោទប្រកាន់ទាំងឡាយផងដែរ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។
បន្ទាប់ពីបានចាញ់ឆ្នោតក្នុងសភា កាលពីថ្ងៃចន្ទនោះ លោកស្រី រួសេហ្វ បានចេញមុខថ្លែងសារ ទៅប្រជាជាតិប្រេស៊ីលជាលើកដំបូងនៅថ្ងៃនេះ ដូច្នេះថា «វាមិនមែនជាការចាប់ផ្តើមទៅរក ទីបញ្ចប់នោះទេ។ យើងកំពុងតែចាប់ផ្តើមធ្វើការប្រយុទ្ធដ៏យូរអង្វែងមួយ។ ពួកគេកំពុងបង្កើត សុបិន្តដ៏ឈឺចាប់សម្រាប់ខ្ញុំ ប៉ុន្តែពួកគេគ្មានសង្ឃឹមថានឹងបានឃើញខ្ញុំដួលរលំនោះឡើយ ពីព្រោះថា ប្រជាធិបតេយ្យនៅតែជាសិទ្ធិជាប្រវត្តិសាស្ត្ររបស់យើងជានិច្ច»។
គួរបញ្ជាក់ថាលោកស្រី ឌីលម៉ា រួសេហ្វ ត្រូវបានក្រុមប្រឆាំងចោទប្រកាន់ថាបាន ប្រព្រឹត្តអំពើពុករលួយ និង កេងចំណេញ នយោបាយយ៉ាងសម្បើម តាមរយៈការថ្លែងតាមបណ្តាញសង្គមដោយលោកស្រីប្រធានាធិបតី កាលពីពេលថ្មីៗនេះថា អធិបតេយ្យភាពរបស់ប្រទេសប្រេស៊ីល ក៏ដូចជាឆន្ទៈរបស់ប្រជាជន កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ជាពិសេសគឺសមិទ្ធិផលសង្គម និង សិទ្ធិរបស់ប្រជាជនគ្រប់ៗរូប៕