Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ១៧គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី១ បានទទួលអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា ពីអភិបាលខណ្ឌឫស្សីកែវ

05-12-2021 18:31

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចំនួន១៧គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ ស្ថិតនៅក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានទទួលអំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហមកម្ពុជា ដើម្បីសម្រួលដល់ជីវភាព ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងលោក-លោកស្រីអភិបាលរងខណ្ឌ និងមន្ត្រីក្រោមឱវាទ។

លោក ឯក ឃុនដឿន ក្នុងនាមប្រធានអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ នៅក្នុងពិធីជួបសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយសង្គ្រោះបន្ទាន់នេះ បានឆ្លៀតឱកាសពាំនាំប្រសាសន៍ផ្ដាំផ្ញើអំពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាពិសេសប្រសាសន៍ផ្តាំផ្ញើពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ នៅមុនពេលឧបត្ថម្ភអំណោយក្នុង១គ្រួសារៗ ទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ, ខោអាវ១, ឃីត១កញ្ចប់, ម៉ាស់ ២៥សន្លឹក និងថវិកា ចំនួន៥០.០០០ រៀល៕