(កោះកុង)៖ លោក សុះមុះ សិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោលស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានពាំនាំគ្រឿងឧបភោគបរិភោគ ភួយ ចែកជូនប្រជាពលរដ្ឋគ្រួសារប៉ះពាល់ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក សុះមុះ សិន បានលើកឡើងថា «ប្រទេសជាតិយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានការអភិវឌ្ឍន៍លើកស្ទួយគ្រប់វិស័យរួមទាំងពុទ្ធសាសនា និងមានការយកចិត្តទុកដាក់ជានិច្ច ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ភូមិឃុំក្រុងខេត្តដោយមិនគិតការភាពនឿយហត់អ្វីឡើយ»។

លោក សុះមុះ សិន បានបន្តថា កូវីដ១៩ ជាជំងឺឆ្លងសកលដែលមានហានិភ័យខ្ពស់ ហេតុដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះពលរដ្ឋដោយបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ការពារ ប្រជាជនទាំងចាស់ ទាំងក្មេងបានគ្រប់ៗគ្នា ហើយបច្ចុប្បន្នភាពរាជរដ្ឋាភិបាល បានបើកប្រទេសឲ្យមានការដំណើរការឡើងវិញ និងឲ្យប្រជាពលរដ្ឋដំណើរការប្រកបអាជីវកម្មលក់ដូរឡើងវិញ។

លោកបានបន្ថែមថា អំណោយទាំងនេះវាតិចតួចមែន តែវាគឺជាសិល្បៈចែករំលែកសម្រាប់បងប្អូនដែលមានផលប៉ះពាល់ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដោយបានដោះស្រាយក្នុងជីវភាពគ្រួសារធូរស្រាលមួយកម្រិតផងដែរ ហើយមិនបានគិតប្រកាន់ពីសាសនា ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ គឺយើងត្រូវផ្តោតទៅលើកការសាមគ្គីគ្នាខ្មែរជួយខ្មែរ បង្កើនការស្រលាញ់គ្នារួបរួមគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចំរើនទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះដោយជំងឺកូវីដ១៩ចំនួន១៥០គ្រួសារមាន៖ អង្ករ មី អំបិល ត្រីខ ទឹកត្រី ប្រេងឆា និងភួយជាដើម៕