(ភ្នំពេញ)៖ កវីស្ទឹងសង្កែដ៏ល្បាញល្បីរបស់ខ្មែរ លោក គង្គ ប៊ុនឈឿន បានក្រើនរំលឹកជាលើកចុងក្រោយមុននឹងរូបលោកធ្វើមរណ កាលថា ខ្មែរគ្រប់រូប គ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ ជាពិសេសយុវជន យុវតីខ្មែរជំនាន់ក្រោយ ត្រូវតែរួបរួមសាមគ្គីជាធ្លុង ទើប ធ្វើឲ្យជាតិរុងរឿង និងរីកចម្រើនទៅមុខបាន បើកាលណាខ្មែរបែកបាក់នឹងនាំឲ្យជាតិហិនហោច។
តាមវីដេអូឃ្លីបរយៈពេលប្រមាណ ២នាទី ដែលបង្ហោះក្នុង Youtube ឈ្មោះ «គង្គ ប៊ុនឈឿន» នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោក គង្គ ប៊ុនឈឿន ទទួលមរណភាពបានមួយថ្ងៃ កវីនិពន្ធ ដែលបង្ហូរទឹកខ្មៅមិនចេះរីងស្ងួតរូបនេះ បានរៀបរាប់ថា តាម ប្រវត្តិសាស្រ្តខ្មែរជាច្រើនមក បានបង្ហាញថា កាលណាខ្មែរបែកបាក់នឹងធ្វើឲ្យជាតិអន្តរាយ វិនាសហិនហោច ហើយមានតែការរួបរួម សាមគ្គីគ្នាជាធ្លុងតែប៉ុណ្ណោះ ទើបធ្វើឲ្យជាតិរីកចម្រើន។
កវី ដ៏ល្បាញល្បីរបស់ខ្មែរ លោក គង្គ ប៊ុនឈឿន បានថ្លែងរំលឹកដល់ពលរដ្ឋខ្មែរយ៉ាងដូច្នេះ «ខ្ញុំសូមរំលឹក មិនចូលទៅផ្នែកនយោ បាយ ឬក៏អីទេ ដោយសូមរំលឹកដោយត្រង់ៗថា យើងត្រូវស្រឡាញ់អត្តសញ្ញាណជាតិរបស់យើង ទោះទៅដល់ទីណា ក៏ដោយត្រូវគិត ថាជាខ្មែរ ព្រលឹងជាតិយើងនៅហ្នឹង ហើយអ្នកនៅគ្រប់ទិសទីតំបន់ត្រូវតែរួបរួមគ្នា ស្រឡាញ់គ្នា សាមគ្គីគ្នា។ ចូរកុំភ្លេច ត្រូវចាំឲ្យច្បាស់ ថា ត្រូវតែរួបរួមគ្នា សាមគ្គីគ្នា ជាធ្លុងមួយ បានប្រទេសជាតិយើង ជនជាតិយើងរស់បាន រុងរឿងបាន កាលណាប្រទេសជាតិយើងបែក បាក់គ្នាទៅឆ្វេងទៅស្តាំហើយ ទោះបីយ៉ាងណា ក៏ទៅមិនរួចដែរ។ អាហ្នឹងជាប្រវត្តិមេរៀនប្រទេសយើងតាំងពីដើមមក នៅពេលណា យើងរួមកម្លាំងគ្នាជាធ្លុងមួយ ប្រទេសយើងរីកចម្រើនរុងរឿង កាលណាយើងមានការបែកបាក់គ្នាទៅឆ្វេងទៅស្តាំ ពេលនោះហិន ហោចហើយ ត្រូវតែចាំចំណុចហ្នឹង»។
កវីដងស្ទឹងសង្កែរូបនេះ ក៏បានផ្តាំផ្ញើដល់យុវជន យុវនារីខ្មែរ ត្រូវស្រឡាញ់ជាតិមាតុភូមិ ស្រឡាញ់អក្សរសាស្រ្ត និង អក្សរសិល្បិ៍របស់ ខ្មែរ។
លោក គង្គ ប៊ុនឈឿន បានថ្លែងថា លោកមិនមានទ្រព្យសម្បត្តិ ឬ អ្វីគួរឲ្យសោកស្តាយនោះឡើយនៅក្នុងឆាកជីវិតរបស់លោក តែ លោកសោកស្តាយ ដែលមិនអាចប្រើចំណេះដឹងរបស់លោក ដើម្បីបម្រើដល់សង្គមជាតិរហូតដល់ដំណាក់កាលចុងក្រោយ។
សូមបញ្ជាក់ថា លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ នៅប្រទេសន័រវេស។ លោក គង្គ ប៊ុនឈឿន បានបន្សល់នូវស្នាដៃនិពន្ធយ៉ាងច្រើនសម្រាប់ជាតិខ្មែរ ដែលស្នាដៃនិពន្ធនោះ មានទាំង ចម្រៀង រឿងប្រលោមលោក រួមទាំងកំណាព្យអប់រំផងដែរ៕