(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯភាពខេត្ត ដឹកនាំកម្លាំងមន្ទីរ ស្ថាប័ន ពាក់ព័ន្ឋ និងកាកបាទក្រហម ចុះជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យដែលកំពុងតែឆេះយ៉ាងសន្ធរសន្ធៅ នៅក្នុងឃុំផាតសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានធ្វើឲ្យឆាបឆេះដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ និងផ្ទះជាច្រើនខ្នងទៀតរងការគំរាម គំហែងពីភ្លើងឆេះព្រៃ ចាប់តាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។
លោក ហេង មនោ មេឃុំផាត់សណ្តាយ បានបញ្ជាក់ថា ករណីភ្លើងព្រៃហើយរាលដាលមកឆេះលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនេះ គឺពុំទាន់អាចរកមូលហេតុច្បាស់លាស់បានទេ មិនដឹងថាមកពីការដុតព្រៃរកសត្វព្រៃ ឬការធ្វេសប្រហែស មិនបានពន្លត់ភ្លើងទើប បណ្តាលឲ្យឆេះ៣កន្លែង ក្នុងភូមិសាស្រ្តឃុំផាតសណ្តាយ តែប្រជាជននៅក្នុងភូមិ សហការជាមួយនគរបាលប៉ុស្តិ៍ និងអាវុធហត្ថជាង១០០នាក់ នាំគ្នាជួយបាញ់ពន្លត់ ដោយម៉ាស៊ីនបូមទឹកតូចៗជួយពន្លត់ ដើម្បីទប់ស្កាត់ការឆេះរាលដាលបន្ថែម។
ពាក់ព័ន្ឋនិងករណីភ្លើងឆេះព្រៃ លោក អ៊ុត សំអន ដឹកនាំមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ឋមួយចំនួន ចុះអន្តរាគមន៍និង ស្រាវជ្រាវរកមូលហេតុដែលបង្ករឲ្យមានភ្លើងឆេះព្រៃ ហើយលោកអភិបាលខេត្ត បានជួយម៉ាស៊ីនបូមទឹកចំនួន៣គ្រឿង សម្រាប់៣ភូមិដែលនៅ ជាប់នឹងដងស្ទឹង សម្រាប់ការពារនិងបូមទឹកពន្លត់ភ្លើង ដែលអាចនឹងឆេះតាមដងស្ទឹង ដោយសារតែមាត់ដងស្ទឹង សំបូរទៅដោយព្រៃរនាម ងាយស្រួលក្នុងការឆាបឆេះ ដោយឡែកភ្លើងឆេះព្រៃ ក្នុងពេលនេះមានចំនូន១១ចំនុច ស្មើរនិង៧០ហិចតា ក្នុងនោះមានផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវភ្លើងឆេះទាំងស្រុង ចំណែកមូលហេតុដែលបង្កឲ្យមានភ្លើងឆេះព្រៃនេះ មាន៣ចំនុច ទី១ គឺបណ្តាលមកពីអ្នករកឃ្មុំ ទី២ អ្នកដុតព្រៃរកអណ្តើក ទី៣ អ្នកឃ្វាលគោដុត ព្រៃដើម្បីឲ្យគោ ក្របីចេញពីព្រៃ មូលហេតុទាំងនេះ គឺបណ្តាលឲ្យមានការឆេះរាលដាល ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានថ្លែងថា វិធានការទប់ស្កាត់ការឆេះរាលដាលភ្លើងឆេះព្រៃ គឺបានហៅអ្នកភូមិ មកប្រជុំដើម្បីផ្សព្វផ្សាយ និងជួយគ្នាទប់ស្កាត់ការធ្វេសប្រហែស ការដុត យកឃ្មុំ ឬដាំបាយ ចោល កន្ទុយបារី ដោយពុំមានពន្លត់ រួមទាំងគុណប្រយោជន៍នៃព្រៃលិចទឹក ដែលជាព្រៃសម្រាប់មឆ្ឆាជាតិពងកូន និងសូមឲ្យ ប្រជាពលរដ្ឋរួមគ្នាការពារ ចំណែកជនរងគ្រោះដែលត្រូវបាន ភ្លើងឆេះផ្ទះនោះ និងទទួលបានថវិកាឧបត្ថម្ភសម្រាប់ ការទិញសម្ភារៈសាងសង់លំនៅដ្ឋានបន្ត។
ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីត្រេតអរ យ៉ាងខ្លាំងចំពោះទង្វើ និងសកម្មភាពមនុស្សធម៌របស់ លោកអភិបាលខេត្ត ដែលបានគិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ ព្រមទាំងដឹកនាំកម្លាំងចុះជួយបានទាន់ពេលវេលា ដូចជាប្រជាពលរដ្ឋខ្វះខាតទឹក ប្រើប្រាស់ក្នុងរដូវរីងស្ងួត និងជួយសង្រ្គោះភ័យធម្មជាតិគ្រប់បែបយ៉ាង ដែលបានបង្ហាញឲ្យឃើញថា ជាអភិបាលខេត្តរបស់ប្រជាជនពិតៗ៕