(ព្រះវិហារ)៖ នៅម៉ោង៧៖៤៥ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទៅដល់កម្មវិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ តម្លៃ៣៦០លានដុល្លារ នៅខេត្តព្រះវិហារហើយ។
រោងចក្រផលិតស្ករស កៀបទឹកអំពៅ របស់ក្រុមហ៊ុនចិន Rui Feng (Cambodia) International Co. Ltd អាចហៅបានថា ជារោងចក្រផលិតស្ករស កៀបទឹកអំពៅធំជាងគេនៅអាស៊ី។ រោងចក្រនេះ ត្រូវបានគេរំពឹងរំពឹងថា អាចមានសមត្ថភាពផលិតស្ករសបានជាង១ពាន់តោនក្នុងមួយថ្ងៃ ជាមួយនឹងចម្ការអំពៅដែលបាន ដាំដុះរួចរាល់ចំនួន១៣,០០០ហិកតា ។
ក្នុងមួយថ្ងៃ ក្រុមហ៊ុនត្រូវការអំពៅចូលក្នុងរោងចក្រចំនួន២ម៉ឺនតោនដើម្បីកិន និងចម្រាញ់យកស្ករស ហើយក្នុងមួយថ្ងៃរោងចក្រអាចទទួលបានស្ករសរហូតដល់ជាង១ពាន់តោន សម្រាប់ចែកចាយទីផ្សារក្នុងស្រុក និងអន្តរជាតិ៕