(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនៅលើ Facebook ថា៖ ខេត្តព្រះវិហារពីមុនគឺជាសមរភូមិក្តៅ ហើយការធ្វើដំណើរមកកាន់ទីនេះ គឺត្រូវចំណាយពេលពេញមួយថ្ងៃ ដោយមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ នៅពេលនេះយើងអាចធ្វើដំណើរលើផ្លូវក្រាលកៅស៊ូ ចាប់ពីភ្នំពេញទៅកាន់ខេត្តព្រះវិហារនេះ តែក្នុងរយៈពេលជាង៤ម៉ោងប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បន្តលើកឡើងថា ក្រោមការអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្លូវធ្វើដំណើរ ទាំងហេដ្ឋរចនាសម្ព័ន្ឋខេត្តបាន និងកំពុងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ តាមបណ្តាខេត្តនានា។

សម្តេចតេជា បានសរេសររៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា «ខេត្តព្រះវិហារ សូមស្វាគមន៍ ! ខេត្តព្រះវិហារពីមុនគឺជាសមរភូមិក្តៅ ហើយការធ្វើដំណើរមកកាន់ទីនេះគឺត្រូវចំណាយពេលពេញមួយថ្ងៃ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្លូវធ្វើដំណើរ ទាំងហេដ្ឋរចនាសម្ព័ន្ឋខេត្តបាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ។ ពេលនេះយើងអាចធ្វើដំណើរលើផ្លូវក្រាល កៅស៊ូចាប់ពីភ្នំពេញមកកាន់ទីនេះតែក្នុងរយៈពេលជាង ៤ម៉ោងប៉ុណ្ណោះ។ ការរីកចម្រើនទាំងអស់នេះហើយបានធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែធូរធារប្រសើរឡើង។ ទាំងអស់នេះគឺដោយសារប្រទេសយើងមានសន្តិភាព។ មានសម្តេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍគ្រប់ទីកន្លែង»។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ តម្លៃ៣៦០លានដុល្លារ នៅស្រុកឆែប ខេត្តព្រះវិហារ។