(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេររៀបរាប់នៅលើ Facebook នារាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ថា សម្តេចទើបបានជួបមុខ ចៅតូចៗ៤នាក់ដំបូង ក្រោយចូលឆ្នាំថ្មី ព្រោះពេលចូលឆ្នាំដើរលេងជាមួយបងប្អូនប្រជាពលរដ្ឋ និងពិសេសរាំក្បាច់ញីកែងជើង នៅអង្គរសង្ក្រាន្ត ខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «ជួបអគ្គរដ្ឋទូតអាមេរិកជាង១ម៉ោង ហើយនៅបន្តដោះស្រាយបំណុលដែលសល់ពីឆ្នាំចាស់ និងការងារក្នុងឆ្នាំថ្មី។ អស់ឯកសារលើតុចៅៗតូចៗ៤នាក់ បានមកដល់ដែលលើកដំបូង បានជួបមុខចៅក្រោយចូលឆ្នាំ ព្រោះពេលចូលឆ្នាំខ្ញុំក៏ឆ្លៀត ដើរលេងជាមួយប្រជាជនដែរ ពិសេសរៀនរាំក្បាច់ញីកែងជើង ដែលកំពុងពេញនិយមក្នុងស្រទាប់យុវជនរបស់យើង»។
សូមជំរាបថា នៅថ្ងៃបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្គ នៅលើទឹកដីអង្គរ មានវត្តមានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រួមនឹងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនឹងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀតចូលរួមផងដែរ។ ខណៈចូលរួមនៅក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្គ សម្តេច ហ៊ុន សែន នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមរាំកម្សាន្ត និងបានចូលរួមសកម្មភាពជាច្រើន ជាមួយប្រជាពលរដ្ឋ ខ្មែរជាច្រើនទៀត៕