(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

នៅក្នុងញត្តិគាំទ្រ បានគូសបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាបេក្ខជនមួយរូបដ៏ស័ក្តិសម ដោយសារឯកឧត្តមជាឥស្សរជនវ័យក្មេង ពោរពេញទៅដោយថាមពលខ្លាំងក្លា ប្រាជ្ញាវៀងវៃ មានសមត្ថភាពដឹកនាំ រួមទាំងមានគុណធម៌ និងសីលធម៌ស្អាតស្អំ។ ជាពិសេសមានជំហរស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា និងមានស្មារតីស្នេហាជាតិមាតុភូមិដោយស្មោះ។

ក្នុងញត្តិបានបន្ថែមថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិ សាសនា និងមានប្រជាប្រិយភាពក្នុងស្រទាប់មហាជន ជាពិសេសក្នុងស្រទាប់យុវជន និងកងកម្លាំងប្រដាប់អាវុធ៕