(អេក្វាទ័រ)៖ មន្ត្រីសន្ដិសុខជាន់ខ្ពស់របស់ប្រទេសអេក្វាទ័រ បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្ដិចថា ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើនឡើងដល់ ៣៥០នាក់ ដោយក្នុងនោះក្រុមជួយសង្គ្រោះបានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើងទៀត ព្រោះមានអ្នករបួសធ្ងន់ជាច្រើននាក់ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយ Update នៅមុននេះបន្ដិច។
គួរបញ្ជាក់ផងដែរថា កងទ័ព និងកងកម្លាំងប៉ូលិសសរុប ១៤,០០០នាក់ ត្រូវបានដាក់ពង្រាយ ទៅតំបន់នានាដែលបាន ទទួលរងគ្រោះរញ្ជួយដី ដែលបានកើតមានឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះនៅប្រទេសអេក្វាទ័រ ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសាគរប៉ាស៊ីហ្វិកដែរនោះ។ បច្ចុប្បន្នខេត្តចំនួន ០៦ នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដី នៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ ហើយមនុស្ស ២,៥២៧ កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ៕