(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានថ្លែងបញ្ជាក់ថា ក្រុមការងារគណបក្សប្រជាជន នៅស្រុកបារាយណ៍ និងស្រុកតាំងគោកទាំងអស់ បានគាំទ្រទាំងស្រុងនូវអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងបន្តត្រួតពិនិត្យការងារពាក់ព័ន្ធផ្សេងៗនៅក្នុងភូមិ ឃុំ ក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ដោយមានការចូលរួមពីលោកអភិបាលនិង ជាប្រធានគណបក្សស្រុកទាំង២ ក្រុមការងារចុះជួយស្រុក រួមទាំងសមាជិក សមាជិកាបក្សមួយចំនួនទៀតផងដែរ។

លោក ថោង ខុន ក៏បានប្រាប់ទៅសមាជិកបក្សទាំងអស់ដែរថា «ដើម្បីគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត យើងទាំងអស់គ្នាជាមន្រ្តីបក្ស ត្រូវខិតខំបន្តទៀត ចលនាឱ្យសមាជិកបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនយើង អោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិនៅអាណត្តិក្រោយៗទៀត និងជារៀងរហូត»

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ត្រូវខិតខំធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបាន រួចរាល់គ្រប់ៗគ្នាមុនថ្ងៃបោះឆ្នោត ទោះបីជាកាចុះឈ្មោះបោះឆ្នោតត្រូវបានបិទបញ្ចប់ក៏ដោយ និងត្រូវគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ ដោយត្រូវខិតខំបំពេញឱ្យបានរាល់សំណូមពររបស់ពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យអាជ្ញាធរស្រុកទាំងពីរ បន្តការងារចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងត្រូវបន្តចុះជួយមូលដ្ឋាន ឱ្យបានសកម្មបន្ថែមទៀត ក្នុងនោះត្រូវបន្តចុះអប់រំផ្សព្វផ្សាយនូវវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ «៣-ការពារ ៣-កុំ» ឱ្យខាងតែបាន និងជំរុញឱ្យ ប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ។

ជាមួយគ្នានោះដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រងនិន្ន័យប្រជាពលរដ្ឋ និងសមាជិកបក្សតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ លោករដ្ឋមន្ត្រី ថោង ខុន ក៏ណែនាំដល់ប្រធានគណបក្សស្រុកទាំង២ បញ្ជូនការីកុំព្យូទ័រថ្នាក់ឃុំ ទៅទទួលការបណ្តុះបណ្តាលបន្ថែមលើបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា ដែលស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍ ហ៊ុន សែន ទី៥ ក្នុងស្រុកបារាយណ៍ផងដែរ៕