(ភ្នំពេញ)៖ មជ្ឈមណ្ឌលនេត្រាយុទ្ធសាស្រ្ត-វោហារ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលតំណាងបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជំរុញកិច្ចការងារស្រាវជ្រាវ លើការទូតសេដ្ឋកិច្ច និងកិច្ចការងារតំបន់ និងអន្តរជាតិ ព្រមទាំងសហការរៀបចំ កម្មវិធីបណ្ដុះបណ្ដាលអភិវឌ្ឍន៍សមត្ថភាពដល់យុវជន។

ក្នុងឱកាសចុះហត្ថលេខានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងថា ការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា (MOU) រវាងមជ្ឈមណ្ឌលនេត្រាយុទ្ធសាស្រ្ត-វោហារ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី គឺបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបង្កើនកិច្ចការស្រាវជ្រាវ និងកិច្ចសន្ទនានានា ក្នុងវិស័យកិច្ចការអន្តរជាតិ។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានរំលេចបន្ថែមថា MOU នេះដែរនឹងផ្តល់ជាឱកាសឲ្យយុវជន និងអ្នកដឹកនាំវ័យក្មេងអាចយល់ច្បាស់ពីការទូតសេដ្ឋកិច្ច នយោបាយការបរទេសរបស់កម្ពុជា និងស្ថានការណ៍ភូមិសាស្ត្រនយោបាយក្នុងតំបន់ តាមរយៈការបណ្តុះបណ្តលផ្សេងៗ ពីវិទ្យាស្ថានទាំងពីរនេះផងដែរ។

លោកថា «ចំពោះកិច្ចការស្រាវជ្រាវ ស្ថាប័នស្រាវជ្រាវទាំងពីរ នឹងបន្តធ្វើការងាររួមគ្នា ទាក់ទងនឹងការទូតសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាបង្កើននូវការយល់ដឹង ក្នុងស្រទាប់យុវជនអំពីយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច»

លោក សំអាត ច័ន្ទសុមានិត ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលនេត្រាយុទ្ធសាស្រ្ត-វោហារ ក៏បានបញ្ជាក់ថា ការចុះ MOU នេះ នឹងនាំផ្លូវឲ្យយុវជនអាចចូលរួម ក្នុងកិច្ចការស្រាវជ្រាវ និងចូលរួមចំណែកពិភាក្សាលើកិច្ចសន្ទនា លើវិស័យគោលនយោបាយនានាផងដែរ។ ត្រង់ចំណុចនេះ លោក សំអាត ច័ន្ទសុមានិត បានសង្កត់ធ្ងន់ដូច្នេះថា ការចូលរួមចំណែកទាំងអស់នោះហើយ គឺសុទ្ធតែមានតម្លៃ។

វេទិការបស់ស្ថាប័នស្រាវជ្រាវ គឺត្រូវផ្ដល់តម្លៃដល់ភាពចម្រុះ ប្រកាន់ខ្ជាប់នូវស្មារតីស្ថាបនា និងបរិយាបន្នភាព ក្នុងការអញ្ជើញគ្រប់តួអង្គនិងភាគីពាក់ព័ន្ធមកពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាគោលនយោបាយសំខាន់ៗដែលកម្ពុជាកំពុងប្រឈម។

លោក សំអាត ច័ន្ទសុមានិត ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តថា វិទ្យាស្ថានទាំងពីរនេះ នឹងផ្តោតសំខាន់ទៅលើការធ្វើយ៉ាងណាជួយជំរុញគម្រោងស្រាវជ្រាវរួម និងរៀបចំកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពដល់យុវជន ព្រមទាំងរៀបចំកិច្ចសន្ទនាគោលនយោបាយនានាពាក់ព័ន្ធនឹងនយោបាយការបរទេស និងការទូតសេដ្ឋកិច្ច។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលវោហារ គឺជាស្ថាប័នស្រាវជ្រាវវ័យក្មេងប្រកបដោយជវភាព និងមានគោលបំណងជំរុញអ្នកស្រាវជ្រាវជំនាន់ថ្មី ឲ្យចូលរួមសិក្សាស្រាវជ្រាវ ផ្នែកគោលនយោបាយសាធារណៈ ទាំងក្នុងទិដ្ឋភាពជាក់ស្តែង និងទិដ្ឋភាពទ្រឹស្តី ជាពិសេសដែលពាក់ព័ន្ធនឹងវិស័យកិច្ចការអន្តរជាតិ កិច្ចការតំបន់អាស៊ាន កិច្ចការអនុតំបន់មេគង្គ និងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍ជាតិ តាមរយៈការបោះពុម្ពផ្សាយនូវអត្ថបទវិភាគខ្លីៗ អត្ថបទសង្ខេបគោលនយោបាយ អត្ថបទស្រាវជ្រាវ ព្រមទាំងតាមរយៈការរៀបចំកិច្ចពិភាក្សា ឬកិច្ចសន្ទនាគោលនយោបាយ ដោយមានការចូលរួមធាតុចូលពីអ្នកស្រាវជ្រាវវ័យក្មេង និងវាគ្មិនដែលមានជំនាញ៕