(បាងកក)៖ មនុស្សសរុប ៤៤២នាក់បានស្លាប់ និង ៣,៦០០នាក់ទៀតរងរបួស នៅក្នុងពេលបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ កាលពីសប្តាហ៍មុននេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។
ដោយឡែកសម្រាប់ប្រទេសមីយ៉ាន់ម៉ា (ភូមា) វិញ ពេញមួយរដូវចូលឆ្នាំថ្មីរយៈពេល ៥ថ្ងៃនោះ មានអ្នកស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍តែ ៣៦នាក់ប៉ុណ្ណោះ ស្របពេលដែលមនុស្ស ៣១៦នាក់ទៀតរងរបួសធ្ងន់ និង ស្រាលនៅទូទាំងប្រទេស។ ប្រទេសថៃមានប្រជាជនសរុបជាង ៦៧លាននាក់ (តួលេខឆ្នាំ ២០១៣) រីឯប្រទេស មីយ៉ាន់ម៉ាវិញមានប្រជាជនសរុបជាង ៥៣លាននាក់ (តួលេខឆ្នាំ ២០១៣)។
គួរបញ្ជាក់ផងដែរថា នៅរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦កន្លងមកនេះ នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈកម្ពុជា បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានសម្លាប់មនុស្ស៥២នាក់ ចំនួននេះមានការថយចុះបើធៀបនឹងរយៈពេល៥ថ្ងៃដូចគ្នា កាលពីឆ្នាំ២០១៥ ដែលមានអ្នកស្លាប់រហូតដល់៥៥នាក់ ខណៈអ្នករងរបួសវិញ នៅឆ្នាំនេះមានអ្នករបួសចំនួន២៣៩នាក់ ចំណែកឆ្នាំមុនអ្នករងរបួស រហូតដល់៣៦២នាក់៕