(ភ្នំពេញ)៖ «ខ្ញុំបានរួចជីវិតពីមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង និងអាចរស់រានមានជីវិតបាន រហូតមកទល់សព្វថ្ងៃនេះ ដោយសារតែថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ខណៈក្រុមសន្តិសុខខ្មែរក្រហមបាន ត្រៀមរួចជាស្រេចទៅហើយក្នុងការសម្លាប់ខ្ញុំ»។ នេះគឺជាការលើកឡើងរបស់លោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងជំនាន់ខ្មែរក្រហម ដែលបានថ្លែងទៅកាន់អង្គជំនុំជម្រះ សាលាដំបូងនៃសាលាក្តីខ្មែរក្រហម នៅអំឡុងពេលសវនាការលើសំណុំ រឿង០០២/០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៦។
លោក ជុំ ម៉ីបានបន្តឲ្យដឹងថា ជីវិតរបស់លោករស់បានដល់សព្វថ្ងៃនេះ គឺដោយសារតែកម្លាំងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមបាន រំដោះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ លោកថា រូបលោកវេទនាខ្លាំងណាស់ និងបានបាត់បង់ប្រពន្ធកូន និងសមាជិកគ្រួសារជាច្រើនទៀត។ លោក ជុំ ម៉ី បានប្រាប់ថា អតីតអ្នកទោសដែលរួចរស់ជីវិតពីមន្ទីរស-២១ ចំនួន ៧ នាក់ បច្ចុប្បន្ននេះនៅរស់តែ២នាក់ប៉ុណ្ណោះ គឺ រូបលោក និងលោក ប៊ូ ម៉េង។ ទាក់ទងនឹងការផ្តល់សក្ខីកម្មរបស់លោក ជុំ មី នេះ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម បានប្រាប់ឲ្យដឹងថា លោក ជុំ ម៉ី ត្រូវបានកោះហៅមកផ្តល់ សក្ខីកម្ម ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ ពាក់ព័ន្ធនឹងអង្គហេតុ មន្ទីរសន្តិសុខ ស-២១។ លោកបានថ្លែងថា មន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង គឺជាមន្ទីរសន្តិសុខមួយក្នុងចំណោមមន្ទីរសន្តិសុខចំនួន៦ កន្លែង ដែលអង្គជំនុំជម្រះលើកយកមកជំនុំជម្រះលើអង្គហេតុមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទះក្នុង។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ មក អង្គជំនុំជម្រះសាលាដំបូង បានធ្វើសវនាការដេញដោលលើភស្តុតាងទាក់ទង នឹងមន្ទីរសន្តិសុខចំនួន៣កន្លែង គឺមន្ទីរសន្តិសុខអូរកន្សែង នៅខេត្តរតនៈគិរី មន្ទីរសន្តិសុខភ្នំក្រោល នៅខេត្តមណ្ឌលគិរី និងមន្ទីរសន្តិសុខ ស-២១ នៅភ្នំពេញ។ បើតាមមន្ត្រីនាំពាក្យរូបនេះ សវនាការលើមន្ទីរសន្តិសុខទាំងបីនេះ គឺជាសវនាការបន្ថែមលើ មន្ទីរសន្តិសុខ៣ កន្លែងផ្សេងទៀត ដែលអង្គជំនុំជម្រះបានធ្វើ សវនាការរួចហើយ នៅក្នុងសំណុំរឿង ០០២/០២ គឺ មន្ទីរសន្តិសុខក្រាំង- តាចាន់នៅខេត្តតាកែវ មន្ទីរសន្តិសុខវត្តអូរត្រកួននៅភូមិភាគកណ្តាល និងមន្ទីរសន្តិសុខភូមិ ទ្រានៅភូមិ ក្នុងភាគបូព៌ា។ រហូតមកទល់ពេលនេះ អង្គជំនុំជម្រះសាលាដំបូង បានស្តាប់សក្ខីកម្មសាក្សីចំនួន៧៩ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣៨រូប និង អ្នកជំនាញចំនួន ៣ រូបសម្រាប់ សវនាការចំនួន ១៦៦ ថ្ងៃ។ បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការស្តីពីមន្ទីរសន្តិសុខ និង ការបោសសម្អាត ផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់ (ប្រធានបទទីប្រាំ) នៃសវនាការគឺពាក់ព័ន្ធនឹងការចោទប្រកាន់ អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រោម។
បន្ទាប់ពីប្រធានបទនេះ អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការលើភ័ស្តុតាងស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ហើយចុង ក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថា សវនាការលើភ័ស្តុតាងនឹងបញ្ចប់ នៅចុងឆ្នាំនេះហើយសាលក្រមនឹង ប្រកាសនៅក្នុងឆ្នាំ ២០១៧៕