(ភ្នំពេញ)៖ សិក្ខាកាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមាណ១០០នាក់ នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយលោកស្រីឧត្តមសេនីយឯក ជ័យ បុប្ផា អគ្គលេខាធិការង នៃអជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងលោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលសិក្ខាសលាបណ្ណាល័យព្រឹទ្ធសភា ក្រោមអធិបតីភាពលោក ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី តំណាងលោក អ៊ុ សារិទ្ធ អគ្គលេខាដ្ឋានព្រឹទ្ធសភា។

នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូសិក្ខាកាមនេះលោក ប៊ុន វុទ្ធា បានធ្វើបទបង្ហាញ ស្តីពីរចនាសម្ព័ន្ធតួនាទី ភារកិច្ច របស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងទីកន្លែងសំខាន់ៗមួយចំនួនទៀត ក្នុងបរិវេណវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានលើកឡើងថា ពីមួយអាណត្តិទៅមួយអាណត្តិ ព្រឹទ្ធសភាកាន់តែមានភាពសកម្ម នៅក្នុងការបំពេញតួនាទីរបស់ខ្លួន ជាការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជ្រើសរើស។ បច្ចុប្បន្នមហាជនកាន់តែមានការចាប់អារម្មណ៍ និងចង់ដឹងពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភាកាន់តែច្រើនឡើងៗ។

ផ្អែកលើអនុស្សារណៈ នៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈគ្រប់គ្រងវគ្គ បាននិងកំពុងផ្ដល់ការបណ្ដុះបណ្ដាលដល់កម្មសិក្ខាការី ចំនួន១១២នាក់ អញ្ជើញពីខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អធិការនគបាលខណ្ឌ និងតាមបណ្តាអង្គភាពផ្សេងៗមួយចំនួនទៀត ដែលត្រូវទទួលការបណ្ដុះបណ្ដាលក្នុងរយៈពេល ចំនួន២៦៩ម៉ោង ចែកចេញជាម៉ោងសិក្សាជាមួយសាស្រ្តចារ្យចំនួន១៥០ម៉ោងចែកជាមណ្ឌល រួមមាន៖

-មណ្ឌលទី១-ការស្វែងយល់ពីទស្សនៈរបស់ប្រធានស្ថាប័ន
-មណ្ឌលទី២-ជំនាញរដ្ឋបាលនិងការងារទំនាក់ទំនង
-មណ្ឌលទី៣-ការគ្រប់គ្រងនិងការរៀបចំថវិកាអង្គភាព
-មណ្ឌលទី៤-ករណីសិក្សា (ករណីសិក្សានៅរដ្ឋសភាជាតិ ករណីសិក្សានៅព្រឹទ្ធសភាជាតិ ករណីសិក្សានៅអង្គភាព និងតំបន់អភិវឌ្ឍន៍ និងករណីសិក្សាតាមទីកន្លែងផ្សេងៗ) ព្រមទាំងម៉ោងអនុវត្តមេរៀនចំនួន៣៦ម៉ោង។ ម៉ោងអនុវត្តផ្ទាល់លើករណីសិក្សា និងការងារសង្គមចំនួន៤៥ម៉ោង ម៉ោងបច្ចេកទេសចំនួន៣៧ម៉ោង ដែលកម្មវិធីទាំងអស់នេះ មានគោលបំណង ចង់ឲ្យសិក្ខាកាមជាថ្នាក់ដឹកនាំទាំង១១២នាក់ កាន់តែមានសមត្ថភាពជំនាញគ្រប់គ្រង តាមរយៈការលើកកម្ពស់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ការបង្កើតទស្សនៈវិស្ស័យនិងយុទ្ធសាស្រ្ត ការកសាងក្រុមដែលមានសមត្ថភាពឆ្ពោះទៅរកកិច្ចសហការងារនិងភាពជាដៃគូ លើកកម្ពស់ការគិតបែបនវានុវត្តន៍ ព្រមជាមួយការដោះស្រាយបញ្ហាដោយប្រសិទ្ធិភាព។

លោកស្រី បន្តថា ដំណើរទស្សនកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ ចំពោះសិក្ខាកាមទាំងអស់ ដើម្បីជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាល ក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕