Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិវានំប្រពៃណីចាម្ប៍ នឹងប្រារព្ធលើកដំបូងបង្អស់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃស្អែក

03-12-2021 19:00

(ភ្នំពេញ)៖ យុវជនចាម្ប៍មួយក្រុម ដែលស្គាល់ថាជាយុវជនចាម្ប៍ បានសហការគ្នា រៀបចំតាំងបង្ហាញអំពីនំប្រពៃណីរបស់ជនជាតិខ្លួន ក្រោមកម្មវិធីឈ្មោះ «ទិវានំប្រពៃណីចាម្ប៍» សម្រាប់សាធារណជនចូលទស្សនាដោយសេរី នៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៦ល្ងាច។

លោក ឡឹប កើ តំណាងឲ្យក្រុមយុវជន និងជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះ បានប្រាប់ថា៖ «គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីបង្ហាញសាធារណជនឲ្យបានស្វែងយល់ និងផ្សព្វផ្សាយវប្បធម៌ចាម្ប៍ ជូនដល់សាធារណជនទូទៅ ជាពិសេសនំប្រពៃណីចាម្ប៍នេះ ដែលភាគច្រើន បងប្អូនខ្មែរ និងជនជាតិផ្សេងៗ ពុំដែលបានស្គាល់។ ក្នុងនោះ ទិវានំប្រពៃណីចាម្ប៍នេះ ប្រារព្ធឡើងដោយក្រុមយុវជនចាម្ប៍ (ភាគច្រើនជានិស្សិត កំពុងសិក្សានៅរាជធានីភ្នំពេញ) ដែលពួកយើង មានចិត្តរួមគ្នាតែមួយ ក្នុងការរក្សាអត្តសញ្ញាណរបស់ជនជាតិយើង»

លោកឡឹប កើ បានបន្ថែមទៀតថា នំទាំងអស់ក្នុងកម្មវិធី គឺធ្វើដោយដៃ ពុំមានប្រើពុម្ភ ឬមធ្យោបាយជំនួយឡើយ ហើយធ្វើជាពិសេស និង ចំណានបំផុត ពីសហគមន៍ ជនជាតិចាម្ប៍នៅក្នុងតំបន់ ដែលភាគច្រើនមកខេត្តកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច។ នៅក្នុងព្រឹត្តិការណ៍នេះដែរក៏មានភ្លេងស្គរចាម (ស្គរបាណាឬស្គរយីកេ) ភ្លេងប្រពៃណីមួយដែលជនជាតិភាគតិចចាម្ប៍ តែងតែប្រារព្ធលេង នៅពេលមានពិធីបុណ្យផ្កា (ម៉ៅលុត) ពិធីរៀបអាពាហ៌ពិពាហ៌ ពិធីចូលសាសន៍ និងពិធីផ្សេងៗជាច្រើនទៀត។

កម្មវិធីនេះអនុញ្ញាត និងគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអនុញ្ញាតឲ្យរៀបចំទិវានេះ នៅសារមន្ទីរខ្លែងខ្មែរ (ទល់មុខរដ្ឋសភាថ្មី) ចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៦ ល្ងាច។

សាធារណជនអាចចូលរួមបានដោយសេរី ជាពិសេសក៏អាចពិសានំប្រពៃណីចាម្ប៍ដោយ ឆ្ងាញ់ពិសាផងដែរ។ ទន្ទឹមនឹងនោះ អ្នករៀបចំកម្មវិធីក៏រំពឹងទុកថា ទិវានេះនឹងក្លាយជាកន្លែងសម្រាប់យុវជនសិក្សាស្វែងយល់បន្ថែម អំពីប្រពៃណីចាម្ប៍នៅកម្ពុជា ហើយនិងអាចជាព្រឹត្តិការណ៍ ប្រចាំឆ្នាំផងដែរ ប្រសិនជាមានការគាំទ្រ៕