(ភ្នំពេញ)៖ លោក ម៉ុត ថារី កូនប្រសាររបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានថ្លែងអំណរគុណដល់ អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល ដែលបានបំពេញបំណងចុងក្រោយរបស់ឪពុកក្មេក គឺលោកតា គង្គ ប៊ុនឈឿន ដោយអនុញ្ញាតឱ្យសាងសង់រូបសំណាក កវីម្ចាស់ស្ទឹងសង្កែ នៅស្រុកកំណើត។ នៅលើបណ្តាញសង្គម Facebook លោក ម៉ុត ថារី បានលើកឡើងថា «តំណាងឱ្យក្រុមគ្រួសាររបស់ កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ខ្ញុំសូមអគុណឯកឧត្ដម អភិបាលខេត្តបាត់ដំបង ដែលបានបំពេញបំណងចុងក្រោយរបស់ លោកឪពុកក្មេកខ្ញុំបាទ យ៉ាងហោចណាស់ក៏ពួកយើងខ្ញុំ អាចមានទីតម្កល់រូបសំណាកគាត់ដែរ នៅទីទឹកដីកំណើតរបស់គាត់»។
Fresh News មិនទាន់អាចទំនាក់ទំនងទៅលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងនៅឡើយទេ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីចង់បានព័ត៌មានបន្ថែមទៀតនោះ។ លោក គង្គ ប៊ុនឈឿន កវីខ្មែរដ៏ល្បីល្បាញជំនាន់មុន បានទទួលមរណភាពនៅម៉ោង៧៖២០នាទី ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសណ័រវេ។ មុននឹងលោកទទួលអនិច្ចកម្ម លោកបានផ្តែផ្តាំកូនចៅអំពីបំណងចង់ឱ្យតម្កល់ តម្កល់ធាតុ ឬរូបសំណាករបស់លោក នៅមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលជាទឹកដីកំណើតរបស់ខ្លួន៕
លោក គង្គ ប៊ុនឈឿន ពេលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ