(កំពង់ស្ពឺ)៖ នៅចំពោះមុខប្រជាការពារប្រមាណ១០៨៥នាក់ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្ងើចសរសើរចំពោះពួកគាត់ ដែលបានធ្វើឲ្យសន្តិសុខក្នុងមូលដ្ឋាននៃស្រុកថ្ពង មានភាពប្រសើរគួរឲ្យកត់សម្គាល់។

លោក វ៉ី សំណាង ថ្លែងថា «ខ្ញុំក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ខ្ញុំសូមថ្លែងកោតសរសើរចំពោះប្រជាការពាររបស់ស្រុកថ្ពង ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពរដ្ឋ នៅគ្រប់មូលដ្ឋានភូមិឃុំទទួលបានសុខនិងសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាការពារយើងក៏បានចូលរួមនៅក្នុងការថែរក្សាសុខភាពសាធារណៈជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងពេលដែលពិភពលោកកំពុងជួបនូវបញ្ហា នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ផងដែរ»

លោកអភិបាលខេត្តបន្តថា «អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺក្រៅពីភារកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បងប្អូនប្រជាការពារយើងពេលខ្លះ បានជួយកៀងសត្វពាហានៈឲ្យអ្នកស្រុកទៀត ការពារការបាត់បង់ផងដែរ»