(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅសហគមន៍អឺរ៉ុប ឱ្យជួយដល់ក្រសួងទេសចរណ៍កម្ពុជាក្នុងការអភិវឌ្ឍ ធ្វើយ៉ាងម៉េចឱ្យកម្ពុជាក្លាយជាគោលដៅនៃភាពស្រស់ស្អាត និងបៃតង ជាពិសេសបំបាត់នូវការចោលសម្រាម ថង់ប្លាសស្ទិចពាសវាល ពាសកាល។ នេះបើតាម លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួងទេសចរណ៍។
ការលើកឡើងរបស់ លោក ថោង ខុន បានធ្វើឡើង នៅក្នុងជំនួបជាមួយ លោក George EDAR ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក ថុក សុខុម បានលើកឡើងថា នៅក្នុងជំនួបនោះ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានស្នើសុំឱ្យសហគមអឺរ៉ុប ជួយកម្ពុជាក្នុងការអភិវឌ្ឍ ធនធានមនុស្ស ដែលធ្វើការក្នុងវិស័យទេសចរណ៍ ព្រោះកម្ពុជាកំពុងខ្វះខាតសាលាបណ្ដុះបណ្ដាលអ្នកធ្វើការក្នុងវិស័យទេសចរណ៍ ក៏ដូចជាខ្វះខាតធនធានមនុស្សជំនាញទេសចរណ៍។
លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន អ្នកនាំពាក្យក្នុងកិច្ចប្រជុំនេះ បានឱ្យដឹងថា សព្វថ្ងៃកម្ពុជា មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍តែ២ទេ គឺទី១ នៅរាជធានីភ្នំពេញ និងទី២ នៅក្រុងសៀមរាប។
លោក ថុក សុខុម បានបន្ថែមថា ក្រសួងទេសចរណ៍របស់សហគមអឺរ៉ុប បាននិងកំពុងជំរុញធ្វើយ៉ាងណា ដើម្បីឱ្យវិស័យទេសចរណ៍ នៅកម្ពុជា ក៏ដូចជាប្រទេសទូទាំងអាស៊ាន មានភាពល្អប្រសើរពោរពេញ ទៅដោយភាពស្អាតស្រស់បំព្រម និងពណ៌បៃតង។
លោកបាននិយាយថា «បច្ចុប្បន្ន កម្ពុជាកំពុងតែធ្វើពិពិធកម្ម និងអភិវឌ្ឍផលិតផលទេសចរណ៍ ដើម្បីធ្វើឱ្យភ្ញៀវទេសចរណ៍ អាចទស្សនា បានមិនមែនត្រឹមតែតំបន់ប្រាសាទអង្គរទេ គឺត្រូវតែអាចទស្សនាបានទូទាំងប្រទេស ហើយទន្ទឹមនឹងនេះដែរ ដើម្បីអនុវត្តគោលដៅស្អាត និងបៃតង យើងបានរៀបចំ និងអនុវត្តកម្មវិធី Three R មានន័យថា ទីក្រុងស្អាតជាពិសេសកម្ពុជា ជាប្រទេសដឹកនាំការអភិវឌ្ឍ Clean Turist City មានន័យថាទីក្រុងស្អាត ទេសចរណ៍សម្រាប់តំបន់អាស៊ាន»៕