(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានឱ្យក្រុមហ៊ុនចំនួន៣ ដាក់ប្រព័ន្ធលូថ្មី ស្ថាបនាផ្លូវបេតុងអាមេ និងផ្លូវបេតុងគ្មានសសៃដែក ចំនួន៣គម្រោង អស់ទឹកប្រាក់ ចំនួន១០៩,៩៥០,០០០រៀល ដែលជាថវិកាមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ឆ្នាំ២០២១ ដើម្បីស្ថាបនាឱ្យចេញជារូបរាងនៅពេលខាងមុខនេះ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ។

ការដាក់ប្រព័ន្ធលូថ្មី ស្ថាបនាផ្លូវបេតុងអាមេ និងផ្លូវបេតុងគ្មានសសៃដែក ចំនួន៣គម្រោង របស់លោកអភិបាលខណ្ឌឫស្សីកែវនេះ ធ្វើឡើងក្រោមការចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធាន និងមន្រ្តី ការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកចៅសង្កាត់-ចៅសង្កាត់រង ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៥០នាក់ នៅក្នុងពិធីប្រកាសបើកការដ្ឋានជាផ្លូវការ ស្ថិតនៅភូមិស្វាយប៉ាក និងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

បើតាមលោក ឯក ឃុនដឿន ចំពោះការដាក់ប្រព័ន្ធលូមូលថ្មីមានប្រវែង ៣០៨ម៉ែត្រ ទំហំ ០,៦០ម៉ែត្រ ស្ថិតនៅភូមិស្វាយប៉ាក និងការស្ថាបនាផ្លូវបេតុងអាមេប្រវែង ៥៩ម៉ែត្រ ដែលមានទទឹង៥ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិស្វាយប៉ាក និងភូមិឡកំបោរ។ លោកអភិបាលខណ្ឌឫស្សីកែវបន្តថា ជាមួយគ្នានេះ ផ្លូវបេតុងគ្មានសសៃដែកដែលមានប្រវែង ១១៩ម៉ែត្រ និងទទឹង ៣.៦៦ម×កម្រាស់០.១២ម៉ែត្រ ក៏ត្រូវបានស្ថាបនាផងដែរ ទាំងអស់៣គម្រោង ស្ថិតនៅភូមិស្វាយប៉ាក ដែលជាថវិកាមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ឆ្នាំ២០២១ ដើម្បីស្ថាបនាឱ្យចេញជារូបរាងនៅពេលខាងមុខនេះ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ។

សូមជម្រាបថា លោក ឯក ឃុនដឿន បានបើកឯកសារដាក់ឱ្យក្រុមហ៊ុនចំនួន៣ (ក្រុមហ៊ុន ខេអិនរ៉ូដ ខនស្រ្តាក់សិន ក្រុមហ៊ុន លីន សុគន្ធា ខូអិលធីឌី និងក្រុមហ៊ុន អេសអេស ធីឌី ឯ.ក) ប្រគួតប្រជែងដេញថ្លៃជួសជុលផ្លូវបេតុង អណ្ដូងលូ ស្ដារលូ និងដាក់ប្រព័ន្ធលូ ចំនួន២គម្រោង ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ផងដែរ ស្ថិតនៅសាលាខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១៕