(សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ គឺជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច របស់លោក ហ៊ុន ម៉ាណែត និងក្រុមការងារ នៅសហរដ្ឋអាមេរិក ហើយទឹកដីនៃទីក្រុងឡូវ៉ែល ជាកន្លែងចុងក្រោយសម្រាប់ការជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរ នៅទីនោះ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ទីក្រុងឡូវ៉ែល ក៏មានការបំផុសឲ្យមានប្រមូលផ្តុំ មនុស្សជាង១០០នាក់ ដើម្បីធ្វើបាតុកម្ម ប្រឆាំងដំណើរទស្សនកិច្ច របស់លោកដែរ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥០០នាក់ មកជួបជុំដើម្បីអបអរសាទរផងដែរ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើ Facebok យ៉ាងដូច្នេះថា ជោគជ័យថ្មីមួយទៀត សម្រាប់ស្មារតីសាមគ្គី បង្រួបបង្រួមក្នុងនាម ជាខ្មែរតែមួយ នៅទីក្រុងឡូវ៉ែល ដែលជាគោលដៅចុងក្រោយសម្រាប់ទស្សនកិច្ចរបស់ខ្ញុំ និងក្រុមការងារ នៅសហរដ្ឋអាមេរិក។ ទោះបីជាមានការខិតខំបំផុស និងរៀបចំរបស់មនុស្សមួយក្រុមដែលបាន ប្រមូលបងប្អូនបាតុករប្រមាណជាង១០០នាក់ មកធ្វើបាតុកម្ម ប្រឆាំងការជួបជុំគ្នាអបអរសាទរឆ្នាំថ្មី នៅទីក្រុងឡូវ៉ែលក៏ដោយ ក៏មានបងប្អូនខ្មែរប្រមាណជាង៥០០នាក់ នៅទីនោះបានអញ្ជើញមក ចូលរួមក្នុងពីធីនេះ ក្នុងនាមជាខ្មែរតែមួយ។
ខ្មុំសូមអរគុណចំពោះឆន្ទៈ និងស្មារតីរួបរួមគ្នារបស់លោក អ៊ុំ ពូមីង បងប្អូនទាំងអស់នៅទីក្រុងឡូវ៉ែល ក៏ដូចជា នៅតាមបណ្តាទីក្រុង នៃរដ្ឋនានាដែលបានចូលរួមជាមួយខ្ញុំ និងក្រុមការងារដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ជាមួយគ្នានាពេលកន្លងទៅនេះ។ សូមជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ច នៅទឹកដីអាមេរិកនេះ លោក ហ៊ុន ម៉ាណែត បានទទួល «មេដាយកិត្តិយស» សម្រាប់ការដឹកនាំមិនចេះ នឿយហត់ ក្នុងការធ្វើឲ្យមានភាពសុខុមនីយកម្ម និងការបង្រួបបង្រួមក្នុងចំណោម ប្រជាជនទាំងអស់របស់កម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ដែលមេដាយកិត្តិយសនេះ ផ្តល់ដោយ លោក Adrian Dove ប្រធានគណៈកម្មការក្បួនព្យុះហយាត្រា Martin Luther King នៅទីក្រុង ឡុងប៊ិច រដ្ឋ California សហរដ្ឋអាមេរិក៕