(ភ្នំពេញ)៖ សៀវភៅ «ជីវតាក្វាន់៖ ទឹកដីនិងប្រពៃណីអ្នកស្រុកចេនឡា» ព្រមទាំងសៀវភៅល្អៗចំនួន៩មុខទៀត ដែលសរសេរពាក់ព័ន្ធនឹងប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន ទស្សនវិជ្ជា វប្បធម៌ ត្រូវបានភាគីចិនប្រគល់ជូនភាគីកម្ពុជា ដើម្បីទុកជាឯកសារសិក្សាស្រាវជ្រាវសម្រាប់សាធារណជនទូទៅ បន្ទាប់ពីបានបកប្រែពីភាសាចិនមកជាខេមរភាសាជាផ្លូវការរួចរាល់។

សៀវភៅទាំង១០មុខនេះរួមមាន៖
* ប្រទេសចិនមានលោកប្រធាន ម៉ៅ សេទុង
* ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន
* សុខភាពល្អអាស្រ័យលើទម្លាប់
* ទស្សនវិជ្ជាឡៅជឺ
* ទស្សនវិជ្ជាខុងជឺ
* ទេសភាពនិងស្ថាបត្យកម្មចិន
* សម្ភារៈប្រើប្រាស់និងជីវភាពប្រចាំថ្ងៃជនជាតិចិន
* អក្សរនិងគំនិតចិន
* អក្សរសិល្ប៍និងសិល្បៈចិន
* ជីវតាក្វាន់៖ ទឹកដីនិងប្រពៃណីអ្នកស្រុកចេនឡា។

សៀវភៅទាំង១០មុខនេះមានចំនួនសរុប១០០ក្បាល ដែលត្រូវបានគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី (Jiangxi) នៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់ជូនបណ្ណាល័យជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងជាតំណាងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានឱ្យដឹងថា សៀវភៅទាំងនោះនឹងត្រូវតម្កល់ទុកនៅក្នុងបណ្ណាល័យជាតិផ្ទាល់តែម្ដង ដើម្បីទុកជាឯកសារសិក្សាស្រាវជ្រាវសម្រាប់សាធារណជនទូទៅ។

លោកស្រី ខ្លូត វិបុឡា ប្រធានបណ្ណាល័យជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រឹង និងពង្រីកចំណងទាក់ទងដួងចិត្តរវាងប្រជាជននិងប្រជាជន តាមរយៈឯកសារប្រវត្តិសាស្រ្តនិងវប្បធម៌។

លោកស្រី ខ្លូត វិបុឡា បានបន្តថា ឯកសារទាំងនេះនឹងក្លាយជាឯកសារគន្ថនិទ្ទេស (កម្រងឯកសារឧទ្ទេស) ដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជានិងចិន រួមជាមួយការយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសចិនទៀតផង។

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន បានសាទរនឹងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្ណាល័យជាតិ និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី ហើយលោកបន្តការលើកទឹកចិត្តដល់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលជានិច្ចកាលតែងបានឧទ្ទេសនាមមិត្តចិនជាច្រើន ដែលបានកំពុងបំពេញបេសកកម្មលើវិស័យបណ្ណាល័យ គ្រឹះស្ថានបោះពុម្ពផ្សាយនានាមកកាន់បណ្ណាល័យជាតិ និងបណ្តាបណ្ណាល័យនានានៅកម្ពុជា ដើម្បីជាប្រយោជន៍បង្កើនបរិមាណសៀវភៅអានដែលមានលក្ខណៈវិទ្យាសាស្ត្រ និងគរុសភាដល់អ្នកអាន អ្នកសិក្សា និងសាធារណជនទូទៅ៕