(ស្វាយរៀង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បាននាំយកគ្រឿងចក្រ មកធ្វើកៀរសម្រួលផ្លូវ នៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ដែលមានការលំបាកខ្លាំង ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដឹកទំនិញកសិករផលទៅកាន់ទីផ្សារ។

លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ថា យោងតាមការចង្អុលបង្ហាញរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្រោយពេលរដូវភ្លៀង ធ្លាក់បានបញ្ចប់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បាននាំយកគ្រឿងចក្រធ្វើការកៀរសម្រួលផ្លូវ លេខ៣១ និង៣៤ គឺមានប្រវែងសរុប ១០.១៥០ម៉ែត្រ ទទឹង ៨ម៉ែត្រជាផ្លូវក្រាលដីល្បាយថ្ម បែកចេញពីផ្លូវជាតិលេខ១៣ ត្រង់កែងសង្កែ (គ.ម១៦+០០០) រហូតដល់ព្រំដែនវៀតណាម ត្រង់គ.ម១០+១៥០។

លោកបានបន្ថែមថា ការកៀរសម្រួលផ្លូវ នេះគឺស្ថិតក្នុងភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីសម្រួលចរាចរទៅមករបស់រថយន្តដឹកទំនិញ រថយន្តដឹកកកម្មកររោងចក្រ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលធ្វើដំណើរតាមដងផ្លូវនេះ ផងដែរ។

ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស មានចិត្តសប្បាយរីករាយ និងសាទរយ៉ាងខ្លាំងដល់លោកអភិបាលខេត្តស្វាយរៀង ដែលបានគិតគូរពីទុក្ខលំបាករបស់ពួកគាត់ក្នុងការធ្វើដំណើរ ឆ្លងកាត់នឹងដឹកទំនិញផ្សេងៗ នៅផ្លូវនេះ ព្រោះខែនេះជារដូវវស្សារមានភ្លៀងធ្លាក់មានសភាពរអឹលពិបាកខ្លាំងណាស់៕