(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការខេត្ត នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន ៤៤គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង ៣៦ លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩ គម្រោង ដែលត្រូវចំណាយថវិកាចំនួនជិត ១ពាន់លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។

លោកអភិបាលខេត្ត បានបន្តថា គម្រោងទាំងនេះពិតជាស្ដែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរ សប្បាយ ជាបន្តបន្ទាប់ឥតឈប់ឈរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទនិងអង្គភាពស្ថាប័នរបស់រដ្ឋបាលខេត្ត បានខិតខំបំពេញកាតព្វកិច្ច អនុវត្តតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយកំណែទម្រង់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលគួរជាទីពេញចិត្តបានធ្វើឲ្យ ទីក្រុង ទីប្រជុំជន និងជនបទ មានភាពស្រស់បំព្រងគ្រប់រដូវកាល។

ជាក់ស្តែងទោះបីកម្ពុជា រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦% និងតំបន់ជនបទ ២២,៨% បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងផែនការ កាលពីថ្ងៃទី១៧ ខែ
វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ៕