Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានិត៖ «បងណែត ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ» (Video inside)

03-12-2021 12:34

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានលើកឡើងថា លោក ហ៊ុន ម៉ាណែត ដែលជាបងប្រុសបង្កើតរបស់លោក ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ។

តាមរយៈបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានិត បានលើកឡើងថា៖ «បងណែត ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ចូលរួមយ៉ាងសកម្មក្នុង បេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»

លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់ ក្នុងចំណោមបេក្ខភាពមួយចំនួួនទៀត នៅថ្ងៃអនាគត ហើយសម្តេចបានអះអាងថា ទោះជាយ៉ាងនេះក្តី លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ការបោះឆ្នោត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា។ លោកបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធារបស់អាមេរិក West Point។ សម្រាប់កិច្ចការងារនយោបាយ លោកក៏ជាប្រធានយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា៖ «មិនតែប៉ុណ្ណោះ បងណែត តែងតែគិតគូរអំពីផលប្រយោជន៌ជាតិ និងផលប្រយោជន៌ប្រជាជនជាចម្បង មុននឹងគិតពីផលប្រយោជន៌ផ្ទាល់ខ្លួន ហើយគាត់មានភាពចាស់ទុំ ការទទួលខុសត្រូវទាំងការងារនយោបាយ សង្គម និងការដឹកនាំ ហើយក៏ជាបងប្រុសម្នាក់ មានព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់របស់ប្អូនៗ»

ក្នុងនាមជាប្អូនម្នាក់ លោកឧត្តមសេនីយ៍ឯក សូមគាំទ្រ ចំពោះប្រសាសន៍សម្តេចតេជោ ដែលបានប្រកាសគាំទ្របងប្រុសរបស់លោក ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន តាមរយៈការបោះឆ្នោត៕