(កំពង់ធំ)៖ កាកបាទក្រហមកម្ពុជា បានបន្ដចុះចែកជែលលាងដៃ និងសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្ដាខេត្ដ និងមន្ទីរពេទ្យនានា នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសមាជិក សមាជិកា បានប្រគល់ជែលលាងដៃចំនួន ៧៧៣កេស (ស្មើនឹង ១៥,៤៦០ដប) ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាទាំង ១០ស្រុក/ក្រុង ស្រុកប្រតិបត្តិចំនួន៤ (បារាយណ៍, សន្ទុក, កំពង់ធំ និងស្ទោង) មន្ទីរពេទ្យ-ការិយាល័យសុខាភិបាលខេត្ត និងមន្ទីរជំវិញខេត្តកំពង់ធំ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ហួន ច័ន្ទបូរ៉ា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដោយក្តីនឹករលឹក ប្រកបដោយការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។

លោកស្រីបានថ្លែងថា «គោលបំណងធំបំផុតនៃការផ្តល់ជូនជែលលាងដៃនាពេលនេះ ដើម្បីផ្ដល់បន្ដទៅដល់មន្ទីពេទ្យបង្អែក ឬស្រុកប្រតិបត្តិ ដែលជាកន្លែងទទួលពិនិត្យ-ព្យាបាលជំងឺ រួមទាំងអ្នកជំងឺកូវីដ-១៩ ជាពិសេសបានទៅដល់ដៃកងទ័ពអាវស ដែលជាអ្នកជួរមុខក្នុងការចូលរួមចំណែកទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩»

ជាមួយគ្នានេះលោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

លោកបានគូសបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន បានផ្តល់ជូនជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះចំពេលដែលរដ្ឋបាលខេត្តកំពង់ធំ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ធំ ហើយចំពោះជែលដែលនៅសេសសល់ នឹងធ្វើការបែងចែកទៅដល់ដៃអ្នកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង»

សូមបញ្ជាក់ជូនថា បន្ទាប់ពីបានទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក, កាកបាទក្រហមកម្ពុជា បានប្រគល់ជែលចំនួន ៧៨៥កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៣២ ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ចំនួន ៧៣៧កេស ដល់មន្ទីរពេទ្យបង្អែកចំនួន ៨ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

ក្រៅពីនេះ កាកបាទក្រហមកម្ពុជា បានបែងចែក និងដឹកជញ្ជូនដល់ឃ្លាំង នៅតាមសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន ១០ផ្សេងទៀតរួចរាល់ហើយ ដែលនឹងធ្វើពិធីប្រគល់-ទទួលជាបន្តបន្ទាប់ ទៅតាមកាលបរិច្ឆេទសមស្រម។ ដោយឡែកចំពោះខេត្តដែលមិនទាន់ទទួលបាន កាកបាទក្រហមកម្ពុជានឹងប្រគល់ជូន បន្ទាប់ពីទទួលបានជែលលាងដៃ ពីក្រុមហ៊ុនខាងលើនេះ ជាជំហានទី២ នៅអំឡុងចុងខែធ្នូនេះ និងដើមឆ្នាំ២០២២៕