(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃព្រឹត្តិការណ៍អង្គសង្ក្រាន្ត ឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលបានកន្លងផុតទៅជាមួយនឹងជោគជ័យ យ៉ាងត្រចះត្រចង់ ជាមួយគ្នានេះ កម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំពេញតួនាទីប្រកបដោយជោគជ័យ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏សប្បាយរីករាយ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍បានព្យាយាម ដោយភាពអំណត់អត់ធ្មត់ បើទោះបីជាអាកាសធាតុក្តៅយ៉ាងណា ក៏កម្លាំងរបស់យើង នៅតែបំពេញការងារប្រកប ដោយភាពទទួលខុសត្រូវ រហូតទទួលបានជោគជ័យ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ រាប់ម៉ឺននាក់ អញ្ជើញចូលរួមកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គសង្ក្រាន្ត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ខេត្តសៀមរាប ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្ត ដែលបានសហការ និងយោគយល់ ចំពោះសមត្ថកិច្ច ដែលធ្វើការបិទផ្លូវ និងដាក់ផ្លូវមួយចំនួនជាផ្លូវឯកទិស ដើម្បីការពារការកកស្ទះ នៃលំហូរចរាចរណ៍។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានអរគុណ និងកោតសរសើរ ចំពោះកម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទាំងអស់ ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍អង្គសង្ក្រាន្ត ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ៕