(ភ្នំពេញ)៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះទៅអប់រំ និងអោយធ្វើកិច្ចសន្យាចំពោះម្ចាស់យានដ្ឋាន កន្លែងលាង និងប្ដូរប្រេងម៉ាស៊ីន រថយន្ត ម៉ូតូមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលនៅតែបន្តទិញ និងលក់ប្រេងរំអិលម៉ាក MOBIL រំលោភទៅលើកម្មសិទ្ធិបញ្ញា ។

ជាក់ស្ដែងនៅពេលថ្មីៗនេះ យោងតាមបណ្ដឹងរបស់ក្រុមហ៊ុនខេមលូប ខេមបូឌា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខនូវប្រេងរំអិលម៉ាក MOBIL ពីក្រុមហ៊ុន Exxonmobil Corporation ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិច ក្នុងការចែកចាយ ប្រេង MOBIL ក្នុងប្រទេសកម្ពុជា ។

កម្លាំងសមត្ថកិច្ចរបស់លេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះទៅត្រួតពិនិត្យរកឃើញមានយានដ្ឋាន និងកន្លែងលាងរថយន្ត ម៉ូតូ ប្ដូរប្រេងម៉ាស៊ីន មួយចំនួននៅបន្តទិញ លក់ផលិតផលប្រេងរំអិលម៉ាក MOBIL មានប្រភពមិនច្បាស់លាស់ ហើយកម្លាំងសមត្ថកិច្ចបានធ្វើការអប់រំ និងអោយធ្វើកិច្ចសន្យាបញ្ឈប់់ការទិញ លក់តទៅទៀត និងត្រូវទិញពីក្រុមហ៊ុនដែលមានសិទ្ធិនាំចូលមានប្រភពច្បាស់លាស់ដើម្បីជៀសវាងការទិញ លក់ប៉ះចំផលិតផលក្លែងក្លាយជាដើម។

ម្ចាស់ទីតាំងយានដ្ឋាន និងកន្លែងលាង ប្ដូរប្រេងម៉ាស៊ីនរថយន្ត និងម៉ូតូចំនួន៣ទីតាំងដែលសមត្ថកិច្ចសហការរកឃើញ រួមមាន៖ ទី១៖ មជ្ឈមណ្ឌលថែទាំរថយន្ត វីឃ្លីន, ទី២៖ យានដ្ឋាន ស៊ឹង សំអុល និងទី៣៖ កន្លែងប្ដូរប្រេងម៉ាស៊ីន V auto service ។ ក្នុងនោះ ម្ចាស់ទីតាំងទាំង៣ បានធ្វើកិច្ចសន្យាដោយទី១៖ សន្យាឈប់ទិញប្រេងរំអិលម៉ាក MOBIL មានប្រភពមិនច្បាស់លាស់ ទី២៖ សន្យាទិញប្រេងរំអិលម៉ាក MOBIL ពីក្រុមហ៊ុនដែលមានសិទ្ធិនាំចូលផ្ដាច់មុខយកមក លក់នៅព្រះរាជាណាចក្រកម្ពុជា ទី៣៖ សន្យាសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីស្វែងរកអ្នកចែកចាយប្រេងរំអិលម៉ាក MOBIL ដែលរំលោភសិទ្ធិផ្ដាច់មុខ និងទី៤៖ សន្យាអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនទៅបំភ្លឺបន្ថែមតាមការកោះហៅរបស់សមត្ថកិច្ច៕